(កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជន យុវតី ត្រូវចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ទោះកីឡាប្រភេទអ្វីក៏ដោយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ និងបង្កើននូវមិត្តភាព ប៉ុន្ដែត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងគ្រឿងញៀន។

ការលើកឡើងរបស់លោកស្រីអភិបាលខេត្ត ធ្វើឡើងក្នុងឱកាសអញ្ជើញបិទការប្រកួតបាល់ទាត់ដណ្ដើម ពានរង្វាន់ប្រចាំឆ្នាំ២០២៣ របស់ខេត្តកោះកុង នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ដ្រីរាជការគ្រប់ស្ថាប័ន មន្ទីរអប់រំ យុវជន និងកីឡា និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

បន្ថែមពីនេះ លោកស្រីអភិបាលខេត្ត បានគូសបញ្ជាក់ថា ដើម្បីលើស្ទួយផ្នែកវិស័យកីឡាឲ្យមានសមត្ថភាពល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ យុវជន យុវតី សិស្សានុសិស្សត្រូវខិតខំស្វែងយល់ និងបច្ចេកទេសពីគ្រូបង្វឹក និងធ្វើការដកស្រង់បច្ចេកទេសបទពិសោធន៍ពីកីឡាល្អៗ ហើយការកីឡាត្រូវចេះស្រលាញ់គ្នា រួមសាមគ្គីគ្នា ត្រូវចេះយល់ចិត្តគ្នាចេះឲ្យតម្លៃគ្នាទៅវិញទៅមក ទើបក្រុមទទួលបាននៅភាពជោគជ័យ ហើយអាចប្រកួតរកជើងឯកជាមួយប្រទេសជិតខាង។

យុវជន យុវតី សិស្សានុសិស្ស ត្រូវរួមគ្នាលេងកីឡាដើម្បីលើកស្ទួយផ្នែកវិស័យអបរំ ឲ្យមានភាពល្បីល្បាយកិត្តិយសប្រទេសជាតិ ជាពិសសយុវជន យុវតី សិស្សានុសិស្សត្រូវយកចិត្តដាក់ក្នុងការសិក្សាពីព្រោះសិស្សានុសិស្ស គឺទំពាំងស្នងឬស្សី សម្រាប់ទ្រទ្រង់អនាគតនៃប្រទេសជាតិ។

លោកស្រី មិថុនា ភូថង បានអំពារនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសិស្សានុសិស្សរួមគ្នា ធ្វើការកៀគរសប្បុរសជននានាដើម្បីជួយគាំទ្រ ដល់ក្រុមកីឡាកររបស់យើង គ្រប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ត្រូវតែបង្កើតឲ្យមានទីលានសម្រាប់លេងកីឡា និងក្លិបកីឡាប្រចាំគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការងារអប់រំកាយ និងកីឡាបំផុសសកម្មភាពអប់រំកាយ និងកីឡាដល់សិស្សានុសិស្សឲ្យចូលរួមហាត់ប្រាណ និងលេងកីឡាឲ្យបានផុលផុសដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឲ្យប្រកបដោយសីលធ៌ម និងដើម្បីឲ្យសិស្សានុសិស្ស ចៀសឆ្ងាញពីការប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។

លោកស្រីសូមអំពាវនាវឲ្យមន្ដ្រីរាជការ យុវវ័យ និងកីឡាកររបស់យើងទាំងអស់ ធ្វើការផ្សព្វផ្សាយចែករំលែក ព័ត៌មានឲ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម អំពី ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នា ខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕