(ត្បូងឃ្មុំ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាខេត្តត្បូងឃ្មុំ រួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន១២៧នាក់ បានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមពាក្យស្លោក (កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ) ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្ដែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាពេលកន្លងមក ដែលកីឡាករ កីឡាការិនីទាំងអស់ បានខិតខំប្រកួតបញ្ចេញទេពកោសល្យ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ក្នុងការប្រកួតបានយ៉ាងល្អ ជាពិសេសទទួលបានជ័យលាភី សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូល។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ គឺបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាច្រើនម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម រាប់លាននាក់ផងដែរ។

លោកបណ្ឌិត អភិបាលខេត្ត បន្តថា កត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ សូមអរគុណសន្តិភាព ក្នុងនោះវិស័យកីឡា ក៏វិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ជាពិសេសលើកទឹកចិត្តកម្លាំងកាយ និងកម្លាំងស្មារតី ធ្វើឲ្យប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផល គួរជាទីមោនៈ។

ជាចុងក្រោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់ ក្រៅពីការសិក្សា សូមនាំគ្នាលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាព បង្កើនសាមគ្គីភាព ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ទទួលជ័យលាភី ព្រមទាំង ប្រតិភូ គ្រូបង្វឹក សិស្សានុសិស្ស យុវជន (ស.ស.យ.ក) យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ផងដែរ។

បើតាមការបញ្ជាក់ របស់លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រកួតកីឡានេះ បានប្រព្រឹត្តទៅ ចាប់ផ្ដើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជូនប្រតិភូកីឡាខេត្តរួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន១២៧នាក់ ប្រកួតប្រជែង ចំនួន១២ប្រភេទវិញ្ញាសារកីឡា ជាលទ្ធផលទទួលបាន មេដាយមាស ១គ្រឿង មេដាយប្រាក់ ៩គ្រឿង និងមេដាយសំរឹទ្ធិ ៧គ្រឿង សរុបរួមទទួលបានចំនួន ១៧គ្រឿង ក្នុងនោះមានដូចជាៈ

1- ប្រភេទកីឡាហែលទឹក និងបូស្យាជនពិការ ទទួលបានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង
2- ប្រភេទកីឡា WTF ទទួលបានមេដាយប្រាក់ ១គ្រឿង
3- ប្រភេទកីឡាទ្រីយ៉ាត្លុង ទទួលបានមេដាយប្រាក់ ១គ្រឿង
4- ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយប្រាក់ ១គ្រឿង
5- ប្រភេទកីឡាវាយសី ទទួលបានមេដាយ សំរឹទ្ធិ ១គ្រឿង
6- ប្រភេទកីឡាសូហ្វតិន្ន័ស ទទួលបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ២
7- ប្រភេទកីឡាវ៉ូវីណាម ទទួលបានមេដាយសំរឹទ្ធិ ៣គ្រឿង៕