(ម៉ាឌ្រីដ)៖ Real Madrid បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey 2022-2023 ជាបន្តទៀត ដោយបានទម្លាក់គូប្រជែងដែលស្ថិតក្នុងទីក្រុង Madrid ជាមួយគ្នា Atletico Madrid ប្រកបដោយភាពតានតឹងបំផុតពីក្នុងវគ្គ ៨ក្រុមចុងក្រោយនាយប់មិញនេះ ដែលបានប្រើពេលដល់ទៅ ១២០នាទី។

ក្រុមអធិរាជស ដែលធ្លាប់កាន់ពាន Copa del Rey បាន ១៩លើកមកនេះ បានខកខានឈ្នះពានមានជារៀងរាល់ឆ្នាំមួយនេះ គិតចាប់តាំងពីបានឈ្នះចុងក្រោយនាឆ្នាំ២០១៤ មក នៅពេលយកឈ្នះ FC Barcelona ២ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ។

នេះមានន័យថា Real Madrid បានចូលរួមជាមួយ ៣ក្រុមផ្សេងទៀតមានដូចជា Barcelona, Osasuna និង Athletic Bilbao ក្នុងការចាប់ឆ្នោតជ្រើសរើសគូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ខាងមុខ នៅមុនពេលជើងទី១ ធ្វើឡើងនៅនាខែកុម្ភៈ និងជើងទី២ ដើមខែមីនា គ្រាដែលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនាថ្ងៃទី០៦ ខែឧសភាឆ្នាំដដែល។

គួរបញ្ជាក់ផងថា ក្នុងជំនួបដ៏តានតឹងនោះដែរ ខ្សែប្រយុទ្ធ Alvaro Morata ជាអ្នករកបានគ្រាប់នាំមុខឲ្យ Atletico ពីការបញ្ជូនរបស់ Nahuel Molina នៅមុនពេល Real តាមបានស្មើ ១-១ មកវិញនៅខ្វះ ១១នាទីដល់ម៉ោងបញ្ចប់ពីការញាក់ដាច់កីឡាករ ៣រូប និងបំប៉ោងសំណាញ់ទីរបស់ Rodrygo ក្នុងប្រកួតដែល Stefan Savic របស់ AT ត្រូវបានពិន័យកាតក្រហម។

Karim Benzema និង Vinicius Jr បានរួមចំណែករកបានម្នាក់ ១គ្រាប់ក្នុងម៉ោងថែម ១៥នាទី ២ដង ក្នុងការបញ្ជូន Real ធ្វើដំណើរទៅប្រជែងពានដែលពួកគេបានខកខាន ៩រដូវកាលមកនេះផងដែរ។

សូមរំលឹកផងថា សម្រាប់ ៤ក្រុមខាងលើក្នុងប្រវត្តិការប្រជែងពាន Copa del Rey មានក្លិប FC Barcelona ជាក្រុមឈ្នះពាននេះច្រើនជាងគេដល់ទៅ ៣១លើកមក ហើយក្រុម Athletico Bilbao ឈរលេខ២ ឈ្នះបានចំនួន ២៣លើក ពេលដែលក្លិប Real Madrid ឈ្នះបាន ១៩លើក និង Osasuna បានត្រឹមរងជើងឯក ១លើកប៉ុណ្ណោះ៕