(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានចេញមុខទាត់ចោល ការចោទប្រកាន់នានារបស់ប្រទេសអ៊ីរ៉ង់ថា ទីក្រុងរីយ៉ាដជាអ្នកស្ថិតពីក្រោយអំពើភេរវកម្ម នៃការបាញ់រះដោយក្រុមភេរវករទៅលើក្បួនព្យុហយាត្រាយោធាអ៊ីរ៉ង់ នៅក្នុងទីក្រុងអាវ៉ាស ភាគខាងលិចប្រទេស ដែលបានផ្តាច់ជីវិតមនុស្ស ២៥នាក់ និងជាង៦០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ការទាត់ចោលខាងលើនេះ ធ្វើឡើងដោយក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ដើម្បីបង្ហាញទៅកាន់ពិភពលោកថា រាជាណាចក្រនេះសូមទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ពីសំណាក់ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ដែលថា អារ៉ាប៊ីសាអូឌីតបានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ដែលបានបង្កការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុននោះ។ ទីក្រុងរីយ៉ាដបានសង្កត់ធ្ងន់ទៀតថា «នយោបាយការបរទេសរបស់យើងគឺច្បាស់លាស់ ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុង នៃប្រទេសណាមួយនោះឡើយ»។
គួរបញ្ជាក់ថា អំពើភេរវកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានផ្ទុះឡើងនៅទីក្រុងអាវ៉ាស នៃភាគខាងលិចប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមួយ ដើម្បីរំលឹកខួបនៃការផ្ទុះសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ឆ្នាំ១៩៨០-១៩៨៨ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពីប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀតផងដែរ។
ការបាញ់រះបានកើតមានឡើងរយៈពេល ១០នាទី ដោយក្នុងចំណោមខ្មាន់កាំភ្លើង ០៤នាក់ មាន០២នាក់ត្រូវបានបាញ់សម្លាប់ និង០២នាក់ចាប់ខ្លួន ខណៈអាជ្ញាធរអ៊ីរ៉ង់នាដើមសប្តាហ៍នេះ ទើបតែបានចាប់ខ្លួនជនសង្ស័យបន្ថែម ដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មខាងលើ៕