(ដាម៉ាស់)៖ អនុរដ្ឋមន្រ្តីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដេដ (Faisal Mekdad) បានថ្លែងថា នៅពេលប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៉ី S-300 មកដល់អ៊ីស្រាអែល នឹងត្រូវបង្ខំចិត្តគិតគូរពិចារណាឲ្យបានល្អិតល្អន់ឡើងវិញ មុនពេលសម្រេចចិត្តវាយប្រហារមកលើប្រទេសស៉ីរី ជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន លោក Mekdad បានបញ្ជាក់ថា ប្រព័ន្ធការពារមីស៉ីល S-300 របស់ប្រទេសរុស្ស៉ី ដែលនឹងត្រូវបញ្ជូនមកដល់ស៉ីរីនាពេលឆាប់ៗខាងមុខនោះ នឹងត្រូវប្រើប្រាស់តែសម្រាប់ក្នុងករណីដែលប្រទេសស៉ីរី ស្ថិតក្រោមការវាយប្រហារពីសត្រូវប៉ុណ្ណោះ។
គួរជម្រាបថា បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៉ី ទីក្រុងម៉ូស្គូ កំពុងគ្រោងបញ្ជូនប្រព័ន្ធការពារមីស៉ីលរយៈចម្ងាយឆ្ងាយ S-300 មកកាន់ប្រទេសស៉ីរី ក្នុងរយៈពេល ០២សប្តាហ៍ខាងមុខនេះ ដើម្បីជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់កងកម្លាំងស៉ីរី និងរារាំងមិនឱ្យយន្ដហោះចម្បាំងនានាចូលក្នុងដែនអាកាសស៉ីរី នៅក្នុងករណីចំាបាច់ជាដើម។
ចំណែកការសម្រេចចិត្តរបស់រុស្ស៉ីវិញ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយកងយន្តហោះចម្បាំងអ៉ីស្រាអែល ទៅលើទីតាំងយោធារបស់ស៉ីរី នៅខេត្ត Latakia នៃប្រទេសស៉ីរី។ ក្រុមយន្តហោះចម្បាំងអ៉ីស្រាអែលធុន F-16 ទាំងនោះ ត្រូវរុស្ស៊ីចោទថា គឺជាហេតុផលបណ្តាលឲ្យយន្តហោះយោធាមួយគ្រឿងរបស់រុស្ស៉ី ត្រូវប្រព័ន្ធការពារអាកាសស៉ីរីច្រឡំបាញ់ទម្លាក់ និងស្លាប់កងទ័ព ១៥នាក់នៅលើនោះ៕