(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយនៅក្នុងប្រទេសចំនួន ២៥ ចេញផ្សាយនៅថ្ងៃច័ន្ទសប្ដាហ៍នេះ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ ភ្យូ (Pew Research Center) បានឱ្យដឹងថា អំណាចរបស់ចិនបាន និងកំពុងកើនឡើងកាន់តែខ្លាំង ខណៈការជឿទុកចិត្តជាសកលលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានកម្រិតទាប បើធៀបទៅនឹងប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
យោងតាម Pew Research Center អត្រាគាំទ្រជាសកលរបស់លោក ដូណាល់ ត្រាំ មានកម្រិតទាបដោយអ្នកផ្តល់មតិ ៧០ភាគរយ បាននិយាយថា ពួកគេមិនជឿទុកចិត្តលើប្រធានាធិបតីអាមេរិករូបនេះថា កំពុងដើរលើផ្លូវត្រូវនៅក្នុងកិច្ចការពិភពលោក ខណៈ ២៧ភាគរយប៉ុណ្ណោះនិយាយថា ពួកគេជឿជាក់លើរូបលោក ត្រាំ។ ផ្ទុយពីលោក ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទទួលបានការទុកចិត្តពីសកលលោក ៣៤ភាគរយ ហើយ ៥៦ភាគរយទៀតអះអាងថា ពួកគេមិនទុកចិត្តលើប្រធានាធិបតីចិនរូបនេះឡើយ។
ទោះជាយ៉ាងក៏ដោយ មនុស្សភាគច្រើនដែលត្រូវបានសម្ភាសន៍ នៅតែចង់ឱ្យសហរដ្ឋអាមេរិកដឹកនាំកិច្ចការពិភពលោកដដែល ស្របពេលឥទ្ធិពលរបស់ចិនៅលើពិភពលោក កាន់តែរីកសាយធំឡើង។ សម្រាប់ការស្ទង់មតិនេះ គឺត្រូវបានធ្វើឡើងចំពោះប្រជាជន ដែលរស់នៅតាមបណ្តាប្រទេសនានា ជាសម្ព័ន្ធមិត្តជិតស្និទ្ធរាប់ទសវត្សរ៍ជាមួយសហរដ្ឋអាមេរិកដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស កាណាដា ស៊ុយអែដ ហ្វីលីពីន ម៉ិចស៊ីកូ និងអ៊ីស្រាអែលជាដើម។
គួរបញ្ជាក់ថា បើតាម Pew Research Center ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទទួលបានការទុកចិត្តពីសកលលោក ទាបជាងមេដឹកនាំពិភពលោកចំនួន ០៤នាក់ នោះគឺអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕