(សាន់ហ្វ្រាន់ស្កូ)៖ ក្រុមហ៊ុន YouTube បានប្រកាសបោះ​ទុនវិនិយោគ​​ទំហំ ២០លានដុល្លារ ទៅលើការបង្កើតវីដេអូ និងកម្មវិធីអប់រំ ​ក្រោម​គោលបំណង​ពង្រីកកិច្ចផ្តួចផ្តើម​របស់ខ្លួន ក្នុងការគាំទ្រដល់​មនុស្សនៅទូទាំង​ពិភពលោក ធ្វើការចែករំលែក​ក៏ដូចជាស្វែងរក​​ចំណេះ​ដឹង​តាមវែបសាយ​វីដេអូដ៏ធំនៅលើ​ពិភពលោកនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​​ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

YouTube បានឲ្យដឹងថា ក្រុមហ៊ុន​កំពុងបង្កើត​កម្មវីធី Learning Fund ថ្មីមួយ ដើម្បីគាំទ្រដល់ Channel នានា ដែលបានបង្កើត​វីដេអូ​​ផ្តល់ចំណេះដឹងល្អៗ​ជាងគេនៅលើ YouTube ដែលជាវែបសាយ​ចែករំលែកវីដេអូធំ​ជាងគេ​បង្អស់លើលោក ដោយ​វីដេអូ​ទាំង​នោះ​គ្រប​ដណ្តប់​​លើ​ប្រធានបទ​ទូលំទូលាយជាច្រើន រួមមានចាប់តាំង​ពីជំនាញនៅក្នុងអាជីព​នីមួយៗ ដូចជាបច្ចេកទេ​ស​នៃ​ការ​សម្ភាស៍​​ការងារ​​និងការ​សរសេរ​ CV រហូតដល់ចំណេះ​ដឹងពីមុខវិជ្ជាវិទ្យាសាស្រ្ត​ កុំព្យូទ័រ ដូចជាការសរសេរ Code បង្កើត Game ជាដើម។

គួរជម្រាបថា សម្រាប់ការវិនិយោគ​ជុំទីមួយ YouTube បានផ្តល់មូលនិធិគាំទ្រដល់ Channel ធំៗមួយចំនួនរួចស្រេច​ទៅហើយ ដូចជា​ TED-Ed ជាដើម ដែលជា Channel ផ្តល់ការអប់រំ​ចំណេះដឹងទូទៅយ៉ាង​ទូលំទូលាយ និងមានអ្នកគាំទ្រ​រាប់លាននាក់​ទូទាំង​សកលលោក​ផងដែរ ហើយ Youtube កំពុងសំឡឹង​មើល Channel ដ៏ទៃៗទៀត​ក្នុងទិសដៅ​អប់រំ ដែលទទួលបានភាពវិជ្ជមានច្រើនបំផុតពីអ្នកទស្សនា៕