(ឡុងដ៍)៖ ក្រុមហ៊ុន​លក់ដេញ​ថ្លៃនៅអង់គ្លេស គ្រីស្ទី (Christie's) បានប្រកាស​ដាក់លក់​របស់របរចំនួន ២២មុខ ដែលបានបន្សល់​ទុកដោយ​អ្នកវិទ្យាសាស្រ្ត​ដ៏ល្បីឈ្មោះលើ​​ពិភពលោក គឺលោក ស្ទេហ្វិន ហរឃីង (Stephen Hawking)។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌​មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

វត្ថុដែលនឹងត្រូវ​ដាក់ឲ្យដេញថ្លៃ នឹងរួមមានឯកសារស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្តមួយចំនួន​របស់លោក Hawking ព្រមទាំង​កៅអីទំនើប​​របស់​​អ្នកវិទ្យាសាស្រ្ត​រូបនេះ។ សម្រាប់ឯកសារ​ស្រាវជ្រាវវិទ្យាសាស្រ្ត ដែលរួមមានឯកសារ​ថតចម្លងមួយក្នុង​ចំណោម ០៥សន្លឹក នៃ​និក្ខេបបទ Ph.D. របស់ Hawking នឹងត្រូវដាក់ដេញថ្លៃ​ក្នុងតម្លៃពី ១០០,០០០ ទៅ ១៥០,០០០ផោន ប្រហែលស្មើនឹង ១៣០,០០០​ ទៅ​ ១៩៥,០០០ដុល្លារអាមេរិក។

រីឯកៅអីទំនើប​មួយគ្រឿង​របស់លោក Hawking នឹងត្រូវដាក់លក់​ដេញថ្លៃ​ក្នុង​តម្លៃពី​ ១០,០០០ ទៅ ១៥,០០០ផោន ដែលស្មើនឹង ១៣,០០០ ទៅ ១៩,៥០០ដុល្លារ ខណៈទឹកប្រាក់ដែល​ទទួលបានពីការដេញថ្លៃ​កៅអីនេះ នឹងត្រូវបរិច្ចាគ​ទៅក្នុងមូលនិធិ​សប្បុរសធម៌។ គួរជម្រាបថា ការលក់ដេញថ្លៃខាងលើ នឹងប្រព្រឹត្តទៅតាមអនឡាញ នាថ្ងៃទី៣១ ខែតុលា ខាងមុខនេះ៕