(កង់បេរ៉ា)៖ អាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី (AMSA) បានឱ្យដឹងថា នាវាកម្សាន្តមួយគ្រឿង​បានបោះចោលកាក​សំណល់ចំណី​អាហារ និងទឹកកខ្វក់​ប្រមាណ ២៧,០០០លីត្រ ទៅក្នុងដែនទឹក​នៃតំបន់ថ្មប៉ប្រះទឹក Great Barrier Reef កាលពីខែសីហា​កន្លងទៅ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះដែរ សមាជិក​ព្រឹទ្ធសភា ​លោកស្រី ឡារីស្សា វ៉តធើស៍ (Larissa Waters) បានប្រាប់ព្រឹទ្ធសភា​អូស្រ្ដាលីនៅយប់ថ្ងៃចន្ទសប្ដាហ៍​នេះថា លោកស្រីបាន​ឃើញរបាយការណ៍​ចម្លងមួយរបស់ AMSA ដែលនិយាយថា នាវាកម្សាន្តឈ្មោះ Pacific Explorer ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន P&O Cruises Australia បានបោះចោល​កាកសំណល់ ចូលទៅក្នុងទឹកសមុទ្រកាលពី​ថ្ងៃទី២៦ ខែសីហាកន្លងទៅ។

បន្ថែមពីខាងលើ របាយការណ៍នេះដដែល​ឱ្យដឹងទៀតថា កាកសំណល់ចំណីអាហារ​ទាំងនេះ​ត្រូវបាន​ស្ដុកទុក នៅក្នុងកន្លែង​ចំអិនម្ហូបនៃនាវា ហើយវាត្រូវបាន​គេបោះចោលទៅក្នុងទឹក ដោយសារតែ​កន្លែងស្ដុកកាកសំណល់ពេញ​ដាក់លែង​កើត។ ក៏ប៉ុន្តែ ខាងក្រុមហ៊ុន​មិនទាន់ធ្វើអត្ថាធិប្បាយ​អ្វីនៅឡើយទេ។

គួរបញ្ជាក់ថា បើតាម​លោកស្រី Larissa Waters AMSA បានដឹងពីការ​បោះចោល​កាកសំណល់នេះ​កាលពីថ្ងៃទី២៧ ខែសីហា ក៏ប៉ុន្តែអាជ្ញាធរ​នៃតំបន់អភិរក្ស​ថ្មប៉ប្រះទឹក Great Barrier Reef Marine Park Authority (GBRMPA) មិនបានទទួល​ដំណឹង​នេះទេរហូតដល់ថ្ងៃទី០៤ ខែកញ្ញា។ Great Barrier Reef ជាសម្បត្តិ​ធម្មជាតិ​ដ៏មានតម្លៃ​បំផុតរបស់​អូស្ត្រាលី ដែលទាក់ទាញភ្ញៀវទេសចរ​ទាំងជាតិ និងអន្តរជាតិ​មកទស្សនា​យ៉ាងច្រើនរៀង​រាល់ឆ្នាំ ព្រមទាំង​ទទួលបានការថែទាំ​យ៉ាងដិតដល់បំផុត​ផងដែរ៕ ​