(អង់ការ៉ា)៖ វីដេអូកាមេរ៉ា​សុវត្ថិភាពមួយ​ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញថា ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីតម្នាក់បានស្លៀកសម្លៀក​បំពាក់ របស់អ្នកសារព័ត៌មាន​លោក Jamal Khashoggi បន្ទាប់ពីលោកត្រូវ​បានគេសម្លាប់​ក្នុងគោលបំណង​បិទបាំងអំពើឃាតកម្ម​នេះ។ នេះបើតាម​ការចេញផ្សាយដោយ​ សារព័ត៌មានតួកគី អាណាឌូលូ (Anadolu) នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

យោងតាមវីដេអូ​ខាងលើដែល CNN ទទួលបាន​ បុរសម្នាក់មានអាយុ និងរូបរាងប្រហាក់​ប្រហែលនឹង​លោក Khashoggi គឺជា​ទីភ្នាក់ងារម្នាក់​ក្នុងចំណោមទីភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត ១៥នាក់ ដែលបានធ្វើដំណើរ​មកកាន់ប្រទេស​តួកគី ក្នុងថ្ងៃតែមួយដែល​លោក Khashoggi ទៅដល់ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពី​ថ្ងៃទី០២ ខែតុលា។

លោក Khashoggi បានចូលទៅក្នុង​សា្ថនកុងស៊ុលនេះ រីឯគូដណ្ដឹង​របស់លោកចាំនៅខាងក្រៅ​ គឺអ្នកនាង ហាធីស សិនជីស (Hatice Cengiz) អះអាងថា មិនបានឃើញគាត់​ចេញមកវិញ​នោះទេ ខណៈអាជ្ញាធរ​អារ៉ាប៊ីសាអូឌីតបញ្ជាក់​ថា លោកបាន​ចាកចេញពី​ស្ថានកុងស៊ុល។ ប៉ុន្តែបើតាម​វីដេអូខាងលើ បុរសដែលចេញ​មកខាងក្រៅគឺ​លោក Mustafa al-Madani។

លោក Madani មិនត្រឹមតែ​ស្លៀកសម្លៀក​បំពាក់លោក Khashoggi ប៉ុណ្ណោះទេ តែលោក​ថែមទាំង​វែនតា និងពុកមាត់​ក្លែងក្លាយ​ផងដែរ។ បន្ថែមពី​លើនេះ បុរសក្លែងក្លាយ​នេះត្រូវបានគេឃើញ​ ចូលក្នុងស្ថានកុងស៊ុល​ប្រហែល​ជាម៉ោង ១១ព្រឹកពោលគឺ ០២ម៉ោងមុននឹងលោក Khashoggi មកដល់។

ដោយឡែក​នៅពេលចេញមកក្រៅ លោក Madani បានជិះតាក់ស៊ី​វិហារអ៊ីស្លាម ស៊ុលតាណាម៉េត (Sultanahmet) ក្នុងទីក្រុង​អ៊ីស្ដង់ប៊ូល ហើយបន្ទាប់ម​កទើបលោក​ចូលក្នុងបន្ទប់ដូរ​សម្លៀកបំពាក់ និងចូលក្នុង​ភោជនីយដ្ឋានមួយ​​ដោយកាមេរ៉ា​សុវត្ថិភាពបានថតជាប់​លោកដោះវែនតា និងពុកមាត់​ក្លែងក្លាយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ អារ៉ាប៊ីសាអូឌីត​បាន​ទទួលស្គាល់ថា អ្នកសារព័ត៌មានមក​ពីកាសែត Washington Post លោក Jamal Khashoggi ពិតជាបាន​ស្លាប់មែន។ ប៉ុន្តែអះអាងថា មិនមានជាប់ពាក់ព័ន្ធ​នឹងព្រះអង្គម្ចាស់​រាជទាយាទនោះទេ ខណៈមក ទល់នឹងពេល​សាកសពរបស់​លោក Khashoggi មិនដឹងថា​ នៅទីណានោះឡើយ៕