កូនប្រុសអ្នកកាសែត Khashoggi ត្រូវគេរាយការណ៍ថា ទីបំផុតបានចាកចេញពីអារ៉ាប៊ីសាអូឌីត ក្រោយជាប់គាំងលិខិតឆ្លងដែន​តាំង​ពី​ប៉ុន្មានខែមុន (Video inside)

25-10-2018 22:49

(វ៉ាស៉ីនតោន)៖ កូនប្រុសច្បងរបស់លោក Jamal Khashoggi ដែលជាអ្នកកាសែតត្រូវគេធ្វើឃាតនោះ ទីបំផុត​បាន​ចាក​ចេញ​​ពី​​​អារ៉ាប៊ី​សាអូឌីត​​។ នេះបើតាមប្រភពជិតស្និទ្ធនឹងក្រុមគ្រួសារអ្នកកាសែតរូបនេះ ដកស្រង់សម្តីដោយស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។

កូនប្រុសច្បងរបស់លោក Jamal Khashoggi ដែលមានឈ្មោះថា Salah Khashoggi ជាបុគ្គលមានសញ្ជាតិពីរ គឺអាមេរិកនិងអារ៉ាប៊ី​សាអូឌីត ហើយកន្លងមកនេះលោកមិនអាចចាកចេញពីអារ៉ាប៊ីសាអូឌីតបានឡើយ ក្រោយពីលិខិតឆ្លងដែនរបស់លោក ត្រូវបាន​ហាមឃាត់ដោយ​ព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ាមួយនេះ កាលពីប៉ុន្មានខែមុន។

គួរជម្រាបថា ​ក្រោយការស្លាប់យ៉ាងចម្រូងចម្រាសនៃឪពុករបស់លោក លោក Salah Khashoggi កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក៏​បាន​ជួប​ជាមួយ​ព្រះអង្គ​ម្ចាស់​ស្នង​រាជ្យ​ Mohammed bin Salman និង​ព្រះចៅ Salman ផងដែរ៕