(កង់បេរ៉ា)៖ អ្នកមុជទឹក​ឈ្មោះ រីឆាដ ហារីស (Richard Harris) បានទទួលពានរង្វាន់​កិត្តិយស​ Australian of the Year Award នៃរដ្ឋអូស្រ្តាលី​ខាងត្បូង​ ​សម្រាប់កិច្ចខិតខំ​ចូលរួមចំណែក​របស់លោក នៅក្នុងយុទ្ធនាការ​ជួយសង្រ្គោះ​ក្រុមបាល់ទាត់​យុវជនថៃ «ជ្រូកព្រៃ» ចេញពីល្អាង​ភ្នំ​លិច​ទឹក​នៅខេត្តភាគខាងជើងថៃ​ កាលពីខែកក្កដា​កន្លង​ទៅ។ នេះបើ​តាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Harris បានលេចឈ្មោះ​តាមសារព័ត៌មាន​អន្តរជាតិធំៗ បន្ទាប់ពី​មានការលាត​ត្រដាងថា លោកគឺជាបុគ្គលចុងក្រោយគេ​​ដែល​បាន​ចាកចេញពី​រូងភ្នំលិចទឹក ក្រោយពីបានជួយសង្រ្គោះ​ក្មេងប្រុសចំនួន ១២នាក់ ព្រមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ នៅ​ខេត្ត​ឈៀង​រ៉ៃ​ប្រទេស​ថៃ​។

គ្រូពេទ្យឯកទេស​ប្រើថ្នាំសន្លប់ និងអ្នកជំនាញមុជទឹករូបនេះ បានប្រើសមត្ថភាព​ដែលខ្លួនមានទាំង​ប៉ុន្មាន ដើម្បីជួយនាំផ្លូវ​ក្មេង​​ប្រុសទាំងនោះ ចេញមកកាន់​ទីសុវត្ថិភាព។ គណៈកម្មការពាន​រង្វាន់ Australian of the Year Award បានឲ្យដឹងថា លោក Harris បាន​​បង្ហាញពីការប្តេជ្ញាចិត្ត និងភាពហានក្លា ក្នុងអំឡុងប្រតិបត្តិការ​ជួយសង្រ្គោះ​ ដ៏គ្រោះថ្នាក់នា​ពេលនោះ។

គួរជម្រាបថា លោក Harris បានសុខចិត្តលុបចោល​​គម្រោងដំណើរកម្សាន្ត​មុជទឹក​តាមល្អាងភ្នំ​​របស់ខ្លួន ហើយងាកមកចូលរួមក្នុងប្រតិបត្តិការ​​​ជួយសង្រ្គោះក្រុម​បាល់ទាត់​ខាងលើ ក្រោយមាន​ការកោះហៅពី​ក្រុមអ្នកជំនាញ​មុជទឹក មកពីចក្រភព​អង់គ្លេស។ ដោយឡែក​ម្ចាស់​ជ័យ​​លាភីពានរង្វាន់ Australian of the Year Award នៅតាមខេត្តទាំង ០៦ និងតំបន់ចំនួន ០២​ នៃប្រទេសអូស្រ្តាលី នឹងក្លាយជាបេក្ខ​ភាព​ប្រកួតប្រជែង​សម្រាប់ពានរង្វាន់ Australian of the Year Awards ថ្នាក់ជាតិប្រចាំ​អូស្រ្តាលីទាំងមូល ដែលអ្នកឈ្នះនឹង​ត្រូវ​ប្រកាស​នៅថ្ងៃទី២៥ ខែមករា ឆ្នាំក្រោយ៕