(ហ្សាការតា)៖ ស្ត្រីឥណ្ឌូណេស៉ីវ័យ​ក្មេងម្នាក់ដែលគូដណ្ដឹង​របស់ខ្លួន បានស្លាប់​នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ​នៃក្រុមហ៊ុន Lion Air បានសម្រេចក្ដី​ប្រាថ្នាចុងក្រោយ​របស់គូដណ្ដឹង​ ដោយថតរូបរៀបការ​តែម្នាក់ឯង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC​ នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។​

នាង អ៊ីនតាន់ ស៊ីយ៉ារី (Intan Syari) និង​លោក រីយ៉ូ ប្រាតាម៉ា (Rio Nanda Pratama) មានគំរោងរៀបការ​នឹងគ្នានៅថ្ងៃទី១១ ខែវិច្ឆិកា។ ក៏ប៉ុន្តែ​ជាអកុសល្យ​នៅអំឡុងពេល​លោក Pratama ជិះយន្ដហោះ Boeing 737 ត្រឡប់មក​ផ្ទះទាំងវិញដើម្បីរៀប​អាពាហ៍ពិពាហ៍ ស្រាប់តែ​យន្ដហោះនេះ​មានបញ្ហា ក្រោយហោះឡើងបានតែ ១៣នាទី ហើយក៏ធ្លាក់​ចូលទឹកសមុទ្រ​កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ។

ចំណែកឯ​នាង Syari បានទទួលរងនូវអារម្មណ៍​រន្ធត់ និងសោកសៅ​យ៉ាងខ្លាំង​ ក្រោយទទួលបាន​ដំណឹងនេះ។ តែទោះ​ជាយ៉ាងនេះក្ដី ស្រ្តី​វ័យក្មេង​រូបនេះ នៅតែចង់សម្រេចក្ដី​ប្រាថ្នារបស់គូណ្ដឹង តាមរយៈការស្លៀកឈុត​រៀបការ និងពាក់ចិញ្ចៀន​រៀបការ។ នាង Syari បាននិយាយ​ដូច្នេះថា «បើទោះជាខ្ញុំមានអារម្មណ៍ឈឺចាប់ មិនអាចរៀបរាប់បានក៏ដោយ តែខ្ញុំនឹងនៅ​តែញញឹម​ដើម្បីបង​... ខ្ញុំនឹងមិនសោកសៅ​ឡើយ ហើយខ្ញុំនឹងធ្វើ​ខ្លួនឱ្យរឹងមាំ ដូច​ដែលបងតែងតែប្រាប់ខ្ញុំ»។

គួរបញ្ជាក់ថា យន្ដហោះ Boeing 737 នៃជើង​ហោះហើរ JT 610 របស់ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បានធ្លាក់ចូល​សមុទ្រ ក្នុងប្រទេសឥណ្ឌូណេស៉ី​កាលពីថ្ងៃទី២៩ ខែតុលា ដោយផ្ដាច់​ជីវិតមនុស្សជិះនៅ​លើយន្ដហោះនេះទាំងអស់ ១៨៩នាក់៕