(អឺរ៉ុប)៖ តារាវិទូអន្តរជាតិ​មួយក្រុមបានប្រើប្រាស់​ ផ្កាយរណបរបស់ទីភ្នាក់ងារ​អវកាសអឺរ៉ុប Gaia រកឃើញកាឡាក់ស៊ី​មួយគេហៅ​ថា «កាឡាក់ស៊ី​ខ្មោច» ដែលស្ថិតនៅចុង​កាឡាក់ស៊ីរបស់​យើង។ វត្ថុចម្លែកនេះ​មានទំហំធំជាង ០៣ដង ប៉ុន្តែមានពន្លឺខ្សោយ​ជាង ​១ម៉ឺន​ដង ធៀបនឹងកាឡាក់ស៊ី Large Magellanic Cloud ឬ LMC ដែលកំពុងគោចរ​ជុំវិញកាឡាក់ស៊ី Milky Way ដូចគ្នា។ នេះ​បើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាឡាក់ស៊ីមិនពេញ​លក្ខណៈខាង​លើនេះ ដែលត្រូវគេដាក់​ឈ្មោះ​ឲ្យថា Antlia 2 ឬ Ant 2 បានគេចផុតពីក្រសែ​ភ្នែក​អ្នកវិទ្យាសាស្រ្ត​ រហូតមកទល់ពេលនេះ ដោយសារតែ​វានៅសំងំលាក់ពួនពី​ខាងក្រោយ​ តំបន់សំណុំរូបធាតុ​​មាន​រាង​ដូច​បន្ទះឌីស​ហៅថា Galactic Disk របស់​កាឡាក់ស៊ី Milky Way ហើយនេះគឺជា​ហេតុផលដែល​គេហៅវាថា «កាឡាក់ស៊ី​ខ្មោច» ផងដែរ។ ដោយ​ឡែក ប្រការនេះពុំមែន​ជាហេតុផលតែមួយ ដែលអ្នក​វិទ្យាសាស្រ្ត​មានចំណាប់អារម្មណ៍​​ខ្លាំង​​ចំពោះ Ant 2 ឡើយ។

គួរជម្រាបថា បើតាមអ្នក​វិទ្យាសាស្រ្ត Antlia 2 ឬ Ant 2 កម្រិតពន្លឺ និងទំហំរបស់វាគឺមិនស៊ីគ្នាទាល់​តែសោះ ហើយវាក៏​មើល​ទៅមិនដូចជា​កាឡាក់ស៊ីមិន​ពេញលក្ខណៈដែរ (Dwarf Galaxy) ដោយតែទំហំ​ដ៏ធំរបស់វា ពោលគឺជិតស្មើមួយ​ភាគបី​នៃកាឡាក់ស៊ី Milky Way ប៉ុន្តែមានពន្លឺ​ខ្សោយជាងកូន​កាឡាក់ស៊ី LMC យ៉ាងឆ្ងាយ ដែលមាន​ទំហំ​តូចជាង​វា​ដល់ទៅ ០៣ដង៕