(តូក្យូ)៖ ហេតុការណ៍​កម្របំផុតមួយបានកើតឡើង គឺទូកនេសាទ​កូរ៉េខាងត្បូង និងជប៉ុន​បានបុកគ្នា​នៅក្នុងដែនទឹករបស់ប្រទេស​ជប៉ុន ដែលស្ថិត​នៅចម្ងាយប្រមាណ ៣៣០គីឡូម៉ែត្រ ពីភាគខាងឦសាននៃប្រជុំកោះមួយ (ដុកដូ) ដែលត្រូវបាន​អះអាងកម្មសិទ្ធិ ដោយ​ប្រទេស​ទាំងពីរ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទូកនេសាទ​កូរ៉េខាងត្បូងដែល​មានទម្ងន់ ៤៨តោន បានលិចភ្លាមៗ​បន្ទាប់ពីការបុកទង្គិច​ជាមួយទូក​នេសាទជប៉ុន កាលពីវេលា​ម៉ោង ៩៖៣៨នាទីព្រឹក​ថ្ងៃព្រហស្បតិ៍នេះ។ បន្ថែមពីនេះក្រុម​សង្គ្រោះនៅ​កន្លែងកើតហេតុ បាន​ធ្វើការស្រង់កម្មករ​លើទូក​កូរ៉េខាងត្បូងបានចំនួន ១៣នាក់ និងកំពុង​ស្វែងរក​ពួកគេមួយចំនួនទៀត ដែលបាត់ខ្លួន។

គួរបញ្ជាក់ថា ទូកនេសាទ​ជប៉ុនពុំបានលិចនោះ​ឡើយក្រោយ​ការបុកគ្នា ហើយជប៉ុន​ក៏បាន​អះអាងទៀតថា ភាគីខ្លួនក៏មិនមាន​អ្នកបាត់ខ្លួន ឬរងរបួសនោះ​ដែរ ខណៈ​ប្រតិបត្តិការ​ជួយសង្គ្រោះ ក្រុមអ្នក​នេសាទ​កូរ៉េខាងត្បូង​នៅតែបន្ត។ ដោយឡែក​​មូលហេតុ​ដែលបាន​បង្កគ្រោះថ្នាក់​នេះឡើង គឺមិនទាន់មាន​ការបញ្ជាក់​ឡើយ៕