(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលចូលចិត្តធ្វើរឿងអ្វីដែលគេនឹកស្មានមិនដល់នោះ បានសម្រេចចិត្តលុបចោលយ៉ាងទាន់ហន់ នូវគំរោងជួបមុខគ្នាជាថ្មីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយសារតែជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីមិនទាន់ត្រូវបានដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តភ្លាមៗបែបនេះ នៅក្នុងសារមួយបង្ហោះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅអំឡុងពេលជិះយន្ដហោះទៅចូលរួមកិច្ចប្រជុំ G20 ក្នុងប្រទេសអាហ្សង់ទីន។ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ផ្អែកលើ ភាពជាក់ស្ដែងដែលនាវា និងក្រុមនាវិកអ៊ុយក្រែនមិនទាន់ត្រូវបានរុស្ស៊ីដោះលែងមកវិញ ខ្ញុំបានសម្រេចចិត្តថា វាគឺជារឿងដ៏ល្អសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការលុបចោលជំនួបដែលត្រូវបានគ្រោងទុករបស់ខ្ញុំ នៅក្នុងប្រទេសអាហ្សង់ទីនជាមួយលោក ប្រធានាធិបតី ពូទីន»។ ប៉ុន្តែលោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងគិតគូរពីកិច្ចប្រជុំកំពូលជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗនេះ បើសិនជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានដោះស្រាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំងនៃទីក្រុងម៉ូស្គូ បានចេញសេចក្តីប្រកាសហើយថា ជំនួបជាថ្មីទៀតរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវធ្វើឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំកំពូលបណ្តាប្រទេសសេដ្ឋកិច្ចធំៗ G-20 នៅក្នុងរដ្ឋធានីប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕