(អាហ្សង់ទីន)៖ កិច្ចប្រជុំកំពូលប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក G20 ក្នុងទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីននឹងត្រូវចាប់ផ្ដើមធ្វើឡើង នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ក្នុងបរិបទដែលមានបញ្ហាធំជាច្រើន រង់ចាំមេដឹកនាំពិភពលោកនានាដោះស្រាយ មានដូចជាអំពើឃាតកម្មលើអ្នកកាសែត ចាម៉ាល់ អាសហូកជី (Jamal Khashoggi) ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននិងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកជាដើម។
មេដឹកនាំពិភពលោកនៃបណ្ដាប្រទេស G20 រួមមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងមេដឹកនាំពិភពលោកជាច្រើនទៀត នឹងវត្តមាននៅក្នុងកិច្ចប្រជុំនៅឯប្រទេស អាហ្សង់ទីន។ ប៉ុន្តែមេដឹកនាំដែលនឹងក្លាយជាកំពូល Super Star ដែលរះលើឆាកនៃកិច្ចប្រជុំ G20 ត្រូវបានគេរំពឹងថា គឺជាព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ តែម្តង។
* ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ នឹងក្លាយជា Super Star នៅក្នុងកិច្ចប្រជុំ G20!
សំណុំរឿងឃាតកម្មលើអ្នកកាសែត Washington Post លោក Khashoggi ត្រូវបានគេរំពឹងថា នឹងក្លាយរបៀបវារៈដ៏សំខាន់សម្រាប់បណ្ដាមេដឹកនាំទាំងអស់ ដែលកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការញ្ចេញប្រតិកម្មលើព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ដែលត្រូវបានមជ្ឈដ្ឋានខ្លះចោទថា គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែតរូបនេះ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីថ្ងៃទី០២ ខែតុលា កន្លងទៅ។
ប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ីជាដើម មិនទាន់បានបញ្ចេញអ្វីគួរឱ្យកត់សម្គាល់ ជុំវិញសំណុំរឿងឃាតកម្មដ៏រសើបមួយនេះឡើយ ដ្បិតពួកគេខ្លាចប៉ះពាល់ដល់ពាណិជ្ជកម្មប្រេង និងកិច្ចព្រមព្រៀងទិញអាវុធតម្លៃរាប់ពាន់លានដុល្លារ ជាមួយទីក្រុងរីយ៉ាដ។
ពោលគឺមកទល់នឹងពេលនេះ មានតែប្រទេសអាល្លឺម៉ង់តែគត់ដែលបានប្រកាសត្រង់ៗថា នឹងបញ្ឈប់ការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត។ ដូច្នេះហើយក្រខ្សែភ្នែកជាច្រើន នឹងផ្ដោតទៅលើព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ព្រោះគេចង់ដឹងថា តើមេដឹកនាំទាំងអស់នឹងស្នើឱ្យទ្រង់ ពន្យល់ឱ្យច្បាស់ថា បានបញ្ជាឱ្យគេសម្លាប់លោក Khashoggi មែន ឬមិនមែន ឬក៏ទុកកិច្ចព្រមព្រៀងពាណិជ្ជម្មជាមួយទីក្រុងរីយ៉ាដ ជារឿងសំខាន់ជាង។
* ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ជាប្រធានបទដែលមិនអាចមើលរំលងដាច់ខាត!
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសលុបចោលជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន យ៉ាងទាន់ហន់កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី នៅឯតំបន់ដែនសមុទ្រគ្រីមៀ មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ចំណែកឯ ក្រុមមេដឹកនាំអឺរ៉ុបក៏ត្រូវបានគេរំពឹងដែរថា នឹងលើកយកសំណុំរឿងនេះទៅពិភាក្សាជាមួយ លោក ពូទីន នៅក្នុងជំនួបទ្វេភាគី។ តែអ្វីដែលគេចង់ឃើញនោះគឺ តើមេដឹកនាំអាមេរិក និងអឺរ៉ុបនឹងប្រតិកម្ម ឬចាត់វិធានការបែបណាចំពោះរុស្ស៊ី ឱ្យដោះលែងនាវិក ២៤នាក់ និងទូកបីគ្រឿងរបស់អ៊ុយក្រែនមកវិញ?
* សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកជាជំងឺពិបាកព្យាបាល!
បើតាមការគ្រោងទុកលោក ស៉ី ជិនពីង និងលោក ដូណាល់ ត្រាំ នឹងត្រូវជួបពិភាក្សាគ្នានៅក្នុងជំនួបទ្វេភាគី នាឱកាសចូលរួមកិច្ចប្រជុំ G20 នៅថ្ងៃសុក្រ ហើយមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជជែកគ្នាស្វែងរកដំណោះស្រាយសង្រ្គាមពាណិជ្ជកម្ម បច្ចុប្បន្នរវាងមហាយក្សទាំងពីរ។ ប៉ុន្តែមុននឹងជំនួបនេះលោក ត្រាំ បានព្រមានទុកជាមុនថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួន រួចជាស្រេចក្នុងការដំឡើងពន្ធបន្ថែម ២៦៧ពាន់លានដុល្លារ ក្នុងករណីមិនមានដំណោះស្រាយណាមួយទេនោះ៕
ប្រភព៖ CNN (ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨)