(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានប្រកាសឲ្យដឹងថា ទីក្រុងសេអ៊ូលកំពុងតែរៀបចំបើកទូលាយគ្រប់យ៉ាង តាមដែលខ្លួនអាចធ្វើទៅបាន ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៃប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញការរៀបចំទទួលស្វាគមន៍មេដឹកនាំកូរ៉េខាងជើងនោះ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង គីម អ៊ុយកឺម (Kim Eui-keum) បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែរៀបចំទទួលស្វាគមន៍ដំណើរមកដល់នៃលោក គីម ជុងអ៊ុន ជាមួយការបើកទូលាយបំផុតតាមដែលអាចធ្វើទៅបាន នៅរដ្ឋធានីសេអ៊ូល។ មន្ត្រីកូរ៉េខាងត្បូងមិនបានបញ្ជាក់អ្វីបន្ថែមទៀតឡើយ ប៉ុន្តែគេសង្កេតឃើញថា កូរ៉េខាងត្បូងហាក់មានការត្រៀមខ្លួនយ៉ាងប្រសើរបំផុត ដើម្បីស្វាគមន៍មេដឹកនាំកូរ៉េខាងជើង។
បើតាមវិមាន Blue House លោក គីម ជុងអ៊ុន និងគណៈប្រតិភូកូរ៉េខាងជើង នឹងមកបំពេញទស្សនកិច្ចទីក្រុងសេអ៊ូល ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ព្រំដែនកូរ៉េទាំងពីរ នៅថ្ងៃទី១២ ខែធ្នូ ហើយនឹងបញ្ចប់ជំនួបជាផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ។ ការបំពេញទស្សនកិច្ចនេះ គឺជាការតបស្នងចំពោះការបំពេញតាមពាក្យសន្យាជាមួយលោក មូន ជែអ៊ីន ដែលបានដឹកនាំប្រតិភូកូរ៉េខាងត្បូងបំពេញទស្សនកិច្ចរួចទៅហើយ នៅរដ្ឋធានីព្យុងយ៉ាងកាលពីខែកញ្ញា។
គួរបញ្ជាក់ថា វានឹងក្លាយជាលើកទី ៤ សម្រាប់ជំនួបរវាងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជែអ៊ីន ប៉ុន្តែវាជាលើកដំបូងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលប្រមុខដឹកនាំកំពូលកូរ៉េខាងជើង នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ដែលសញ្ញានេះពិតជាបង្ហាញថា បងប្អូនកូរ៉េទាំងពីរកាន់តែមានភាពស្និទ្ធស្នាលគ្នា និងឈានទៅរកការអភិវឌ្ឍទំនាក់ទំនងកាន់តែប្រសើរ ដើម្បីសន្តិសុខឧបទ្វីបកូរ៉េ ហើយសហរដ្ឋអាមេរិកក៏បាននិងកំពុងចូលរួមចំណែក ចំពោះការវវិឌ្ឍដ៏វិជ្ជមាននេះដែរ៕