(ប៉ារីស)៖ នៅទីបំផុតមន្ត្រីព្រឹទ្ធសភាបារាំងជាន់ខ្ពស់មួយរូប ត្រូវបានដាក់ឱ្យនៅក្រោមការស៊ើបអង្កេតជាផ្លូវការហើយ ពីបន្ទាប់ពីត្រូវដោយអាជ្ញាធរបានចោទថា បានធ្វើចារកម្មឱ្យកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីព្រឹទ្ធសភាបារាំងជាន់ខ្ពស់ម្នាក់មានឈ្មោះថា ប៊េណ័រ កេណឺដេ (Benoît Quennedey) ត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើចារកម្មឱ្យបរទេស ដែលទោសនេះអាចឱ្យលោកជាប់ពន្ធនាគារ ១០ឆ្នាំ បើតុលាការរកឃើញទោសកំហុសពិតមែននោះ។ លោក Quennedey គឺជាមន្ត្រីព្រឹទ្ធសភាបារាំងជាន់ខ្ពស់ម្នាក់ មកពីនាយកដ្ឋានស្ថាបត្យកម្ម បេតិភណ្ឌ និងសួនច្បារ ហើយមិនតែប៉ុណ្ណោះ លោកក៏ជាប្រធានសមាគមទំនាក់ទំនងបារាំង-កូរ៉េផងដែរ។
បន្ថែមពីលើនេះបើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង លោក Quennedey បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថែមទាំងបានជួបជាមួយក្រុមមន្ត្រីកូរ៉េខាងជើងជាច្រើនរូប ស្របពេលអាជ្ញាធរបាន តាមស៊ើបអង្កេតលើរូបលោកកាលពីជាងមួយឆ្នាំមុនមកម្ល៉េះ។
គួរបញ្ជាក់ថា លោក Quennedey ត្រូវបានប៉ូលិសបារាំងចាប់ខ្លួនក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យកន្លងទៅ និងត្រូវបានសួរចម្លើយអស់រយៈពេល ៩៦ម៉ោង៕