(ប៉េកាំង)៖ ក្រសួងកិច្ចការស៊ីវិលចិនបានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន បញ្ឈប់ការរៀបអាពាហ៍ពិពាហ៍បែបសម្ភារៈនិយម ដែលបានធ្វើឱ្យខ្ជះខ្ជាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គមនិយម រួមទាំងវប្បធម៌ប្រពៃណីចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ការអំពាវនាវរបស់ក្រសួងកិច្ចការស៊ីវិលចិន ធ្វើឡើងបន្ទាប់ពីមានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការចំណាយលើការរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនចិន នឹងកើនឡើង ០៣ទ្រីលានយ័ន ឬ៤៣០ពាន់លានដុល្លារនៅឆ្នាំ២០២១។ បន្ថែមពីលើនេះ ការសិក្សាស្រាវជ្រាវដដែលរបស់ក្រុមហ៊ុនពិគ្រោះយោបល់ ASKCI មានមូលដ្ឋានក្នុងទីក្រុង សិនជិន (Shenzhen) ក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ២០១៧ ឧស្សាហកម្មអាពាហ៍ពិពាហ៍ចិនមានទំហំទឹកប្រាក់ជាង ១.៤៧ទ្រីលានយ័ន ឬ ២.១៥ទ្រីលានដុល្លារ ហើយត្រូវបានគេរំពឹងថា នឹងកើនច្រើនជាង ២៤ភាគរយនៅក្នុងឆ្នាំ២០១៨ នេះ។
សម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែលត្រូវបានអាជ្ញាធរចិនចាត់ទុកថា ជាការចំណាយខ្ជះខ្ជាយនោះមានដូចជា ការទិញ ឬជួលសំលៀកបំពាក់ថ្លៃៗ, ការប្រកួតប្រជែងថត Pre-wedding ដែលមានតម្លៃសេវាខ្ពស់, ការចំណាយទិញគ្រឿងអលង្កា និងគ្រឿងលម្អថ្លៃៗ ព្រមជាមួយនឹងការចំណាយជាច្រើនផ្សេងទៀត ដើម្បីបង្ហាញភាពមានបានជ្រុល ដែលសង្គមចិនមិនធ្លាប់មានពីមុនមកឡើយ។
គួរជម្រាបថា បើតាមក្រុមហ៊ុន ASKCI កាលពីឆ្នាំ២០១៧ គូស្វាមីភរិយាចិន ៤២ភាគរយ បានចំណាយប្រាក់ចន្លោះពី ៧,៣១៣ដុល្លារ ដល់ ១០០,០០០ដុល្លារ លើអាពាហ៍ពិពាហ៍របស់ពួកគេក្នុងមួយគូៗ។ ចំណែកឯ ២៣ភាគរយបានចំណាយចន្លោះពី ១៤,៦២៦ ដល់ ២៩,២៥២ដុល្លារ ខណៈ០៥ភាគរយផ្សេងទៀត បានចំណាយប្រាក់ច្រើនជាង ៤៣,៨៧៨ដុល្លារ ជាមធ្យមក្នុងការរៀបអាពាហ៍ពិពាហ៍មួយគូៗ៕