(ម៉ូស្គូ)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអាចនឹងបង្កទៅជម្លោះយោធាដោយផ្ទាល់ ហើយមានសេណារីយ៉ូចំនួន ០៣ ដែលសង្រ្គាមរវាងមហាអំណាចទាំងពីរផ្ទុះឡើង។ នេះបើតាមលោក Dmitri Souslov ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់ Sputnik នៅក្នុងសប្ដាហ៍នេះ លោក ឌីមីទ្រី សួស្លូវ (Dmitri Souslov) ជាអ្នកជំនាញរុស្ស៊ីម្នាក់ខាងទំនាក់ទំនងអន្តរជាតិ ក៏បានបញ្ជាក់ដែរថា ការប្រឈមមុខដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានរីករាលដាលកាន់តែធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Souslov បន្ថែមទៀតថា មានសេណារីយ៉ូចំនួន ០៣ ដែលជម្លោះយោធាដោយផ្ទាល់រវាង មហាអំណាចទាំងពីរអាចនឹងផ្ទុះឡើង។
អ្នកជំនាញខាងលើបានកត់សម្គាល់យ៉ាងដូច្នេះថា «មានសេណារីយ៉ូធំៗ ០៣ ដែលពន្យល់ថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ីអាចនឹងផ្ទុះឡើង... ដោយទី ១ នោះគឺការគំរាមកំហែងនៃការវាយប្រហារព័ត៌មានវិទ្យា ហើយទី ២ គឺការរត់ ប្រណាំងសព្វាវុធក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីលរយៈចំងាយវែង និងមធ្យមនៅលើទឹកដីអឺរ៉ុប ដែលអាចនឹងបង្ខំឱ្យមហាយក្សយោធាទាំងពីរ ប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងអនាគតដ៏ខ្លី។ ចំណែកឯសេណារីយ៉ូទី ៣ គឺសង្រ្គាមនៅស៊ីរី និងភាពតានតឹងនៅឯតំបន់សមុទ្រខ្មៅ»។
គួរបញ្ជាក់ថា បើតាមលោក Dmitri Souslov សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ី គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ បើទីក្រុងវ៉ាស៊ីនតោនពិតជាដកខ្លួន ចេញពីសន្ធិសញ្ញានេះមែននោះ ការរត់ប្រណាំងសព្វាវុធរវាងទីក្រុងម៉ូស្គូ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជាពិសេសគឺការអភិវឌ្ឍមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានរយៈចំងាយមធ្យម រួមទាំងកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរ នឹងផ្ទុះឡើងដោយចៀសមិនរួច៕