(ប៉េកាំង)៖ ការផ្អាកជម្លោះរយៈពេល ៩០ថ្ងៃ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអន្តរជាតិ ដោយមតិខ្លះបានយល់ឃើញថា វាមិនត្រឹមមានសារៈសំខាន់ខ្លាំង ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងសង្រ្គាមពាណិជ្ជកម្មនេះប៉ុណ្ណោះទេ តែថែមទាំងអាចជួយកែប្រែទំនាក់ទំនងនៃប្រទេសមហាយក្សទាំងពីរទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន Global Times នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ការឈានដល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាស្ថានការណ៍វិវត្តន៍ដ៏ធំមួយ ដោយជាក់ស្តែងគឺយោងទៅលើភាពវិជ្ជមាន នៅក្នុងទីផ្សារភាគហ៊ុនអន្តរជាតិ នាថ្ងៃចន្ទសប្តាហ៍នេះ។ អ្វីដែលនៅសេសសល់គឺការចរចាគ្នាប្រកបដោយភាពហ្មត់ចត់ និងស្មោះត្រង់នៃប្រទេសទាំងពីរ ប៉ុន្តែថាតើភាគីទាំងពីរត្រូវដោះស្រាយឧបសគ្គលំបាកៗដោយរបៀបណានោះ គឺអាស្រ័យមួយភាគធំទៅលើឥរិយាបថនយោបាយរបស់ចិន និងអាមេរិកផ្ទាល់។
សង្រ្គាមពាណិជ្ជកម្មដែលធ្វើឲ្យរង្គោះរង្គើពិភពលោកនេះ បានអូសបន្លាយជាងកន្លះឆ្នាំហើយ ដោយមួយរយៈកាលនេះទាំងចិន និងអាមេរិកសុទ្ធតែបានយល់ដឹងពី ឆន្ទៈ ផលប្រយោជន៍ស្នូល ក៏ដូចជាកម្លាំងក្នុងការតតាំងនឹងការដាក់សម្ពាធរបស់ភាគីម្ខាងៗ។ ឥឡូវនេះប្រទេសទាំងពីរមានគោលដៅរួមគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាថ្មីក្នុងរយៈពេល ៩០ថ្ងៃខាងមុខ ដែលជាអំឡុងពេលដ៏សំខាន់នៃកិច្ចព្រមព្រៀងផ្អាកជម្លោះនេះ។
ការព្រមព្រៀងគ្នាខាងលើ បង្ហាញឲ្យឃើញថា ភាគីទាំងពីរបានដឹងច្បាស់ថា ខ្លួននឹងទទួលបានផលចំណេញច្រើនជាង តាមរយៈការបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ជាជាងការអូសបន្លាយវាឲ្យវែងឆ្ងាយតទៀត។ យ៉ាងណាមិញយើងមើលទៅវាស្ទើរតែមិនអាចទៅរួចទាំងស្រុង ក្នុងការដោះស្រាយបញ្ហាធំៗរវាងភាគីទាំងពីរ ក្នុងពេលត្រឹមតែ ៩០ថ្ងៃ ប៉ុន្តែរយៈពេល ៩០ថ្ងៃ នៃកិច្ចខិតខំប្រឹងប្រែង អាចកសាងនូវទំនុកចិត្តដ៏ប្រសើរមួយ និងអាចឈានទៅរកការសម្រុះសម្រួលគ្នាដែលអាចទទួលយកបានទាំងសងខាង។
និយាយរួមទៅ ក្រោយធ្វើសង្រ្គាមពាណិជ្ជកម្មអស់ជាងកន្លះឆ្នាំ ភាគីទាំងពីរមានការយល់ដឹងប្រសើរជាងមុនថា ពុំមានម្ខាងណាអាចទទួលបានផលប្រយោជន៍ជាអតិបរមា តាមបែបឯកតោភាគីឡើយ។ ប្រទេសទាំងពីរ នឹងត្រូវតែសម្រុះសម្រួលគ្នា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងកិច្ចខិតខំចរចា។ វាពិតណាស់ថា សង្រ្គាមពាណិជ្ជកម្មអាចតានតឹងឡើងវិញប្រសិនបើចិន និងអាមេរិកមិនអាចស្វែងរកការឯកភាពគ្នាបាន ប៉ុន្តែប្រទេសធំៗទាំងពីរនេះ មិនអាចដាច់ចេញពីគ្នាបានឡើយ៕