(ប៉ារីស)៖ មេដឹកនាំក្រុមបាតុករអាវកាក់ពណ៌លឿងបាននិយាយថា ការផ្អាកការដំឡើងពន្ធលើឥន្ធនៈ (សាំង និងម៉ាស៊ូត) របស់រដ្ឋាភិបាលប្រធានាធិបតិបារាំងលោក ម៉ាក្រុង មិនមែនជាអ្វីដែលក្រុមបាតុករចង់បាននោះទេ ហើយថានឹងធ្វើបាតុកម្ម តវ៉ាជាថ្មីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
មេដឹកនាំក្រុមបាតុករអាវកាក់ពណ៌លឿង លោក ប៊ិនចាមីន ខូជី (Benjamin Cauchy) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍បារាំង BFM TV នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក Cauchy បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «យើងមិនចង់បានការផ្អាកជាបណ្ដោះអាសន្ននោះទេ... តែយើងចង់ឱ្យការតំឡើងពន្ធលើឥន្ធនៈកាលពីពេលមុនតែម្តង ត្រូវបានលុបចោលភ្លាមៗតែម្ដង...»។ មេដឹកបាតុកររូបនេះបន្ថែមទៀតថា៖ «ប្រជាជនបារាំងមិនមែនជាកូនចាបឡើយ ហើយ ពួកគេមិនចង់បានកម្ទេចនំបុ័ងដែលរដ្ឋាភិបាលផ្ដល់ឱ្យពួកគេនោះដែរ តែពួកគេចង់បាននំបុ័ងទាំងមូល»។
គួរបញ្ជាក់ថា ប្រឈមមុខនឹងមហាបាតុកម្មដែលបណ្ដាលឱ្យមនុស្ស ០៣ស្លាប់ និងអូសបន្លាយពេលជាង ៣សប្ដាហ៍មកនេះ នាយរដ្ឋមន្ត្រីបារាំងលោក អាឌូអាដ ហ្វីលីព (Edouard Philippe) បានប្រកាសកាលពីថ្ងៃអង្គារថា គំរោងតំឡើងពន្ធលើឥន្ធនៈ (សាំង និងម៉ាស៊ូត) នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នរយៈពេល ០៦ខែ ខណៈក្រុមបាតុករហាក់ដូចជាមិនទាន់សប្បាយចិត្តនោះឡើយ ចំពោះការសម្រេចផ្អាកក្នុងរយៈពេលខ្លីបែបនេះ៕