(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឯកភាពចំពោះសំណើរបស់រដ្ឋមន្ត្រីការពារជាតិលោក ចេមស៍ ម៉ាត់ទីស (James Mattis) ក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិដល់ ៧៥០ពាន់លានដុល្លារក្នុងសារពើពន្ធឆ្នាំ២០១៩។ នេះបើតាម CNN ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសារព័ត៌មាន CNN លោក ដូណាល់ ត្រាំ បានបង់ចោលគំនិតកាត់បន្ថយកញ្ចប់ថវិកាការពារជាតិ ហើយបានបើក ភ្លើងខៀវលើសំណើបង្កើនកញ្ចប់ថវិកាជាង ៧៥០ពាន់លានដុល្លារ ដែលនេះនឹងធ្វើឱ្យក្រសួងការពារជាតិអាមេរិកមានកញ្ចប់ ថវិកាលើសកញ្ចប់ថវិកាបច្ចុប្បន្ន ៨០ពាន់លានដុល្លារ នៅឆ្នាំ២០១៩។
គួរបញ្ជាក់ថា កាលពីខែតុលា កន្លងទៅលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកនឹងបង្កើនកងទ័ពអវកាស ដើម្បីទប់ទល់ជាមួយចិននឹងរុស្ស៊ី ដូច្នេះការបង្កើនកញ្ចប់ថវិកាការពារជាតិគឺជារឿងសំខាន់។ ប៉ុន្តែគួរកត់សម្គាល់លោក ត្រាំ កាលពីសប្ដាហ៍មុនបានបញ្ជាក់ថា ការចំណាយលើកញ្ចប់ថវិកាការពារជាតិ គឺមានចំនួនច្រើនហួសហេតុ និងថាលោកចង់បើកកិច្ចប្រជុំត្រីភាគីជាមួយចិន និងរុស្ស៊ី ដើម្បីបញ្ចប់ការរត់ប្រណាំងសព្វាវុធ៕