(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានបើកការធ្វើសមយុទ្ធយោធាមួយនៅក្បែរ តំបន់កោះជម្លោះនៃទីប្រជុំកោះ Dokdo ឬហៅជាភាសាជប៉ុនថា Takeshima ដោយមានការចូលរួមពីនាវានិងយន្ដហោះចម្បាំងជាច្រើនគ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន យោធាកូរ៉េខាងត្បូង បានបញ្ជាក់ដែរថាការធ្វើសមយុទ្ធយោធាជាទម្លាប់នៅឯទីប្រជុំកោះ Dokdo ត្រូវធ្វើឡើងរួមគ្នារវាងកងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំសមុទ្រ សម្រាប់រយៈពេល២ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។
បន្ថែមពីលើនេះ នាវាពិឃាតមួយគ្រឿងមានទម្ងន់៣,២០០តោន និងនាវា៧គ្រឿងផ្សេងទៀត ព្រមទាំងយន្ដហោះស៊ើបការណ៍ដែនសមុទ្រ P-3C និងយន្ដហោះប្រយុទ្ធ៤គ្រឿង ដោយក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-15K ក៏បានចូលរួមមានវត្តមានក្នុងសមយុទ្ធយោធានេះដែរ។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនៅឯទីប្រជុំកោះ Dokdo តែងតែធ្វើឱ្យជប៉ុនក្ដៅក្រហាយជាខ្លាំង ដ្បិតទីក្រុងតូក្យូចាត់ទុកថាទីប្រជុំកោះ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង់របស់ កូរ៉េខាងត្បូងមួយនេះជាកម្មសិទ្ធិរបស់ខ្លួន៕