(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានច្រានចោលការចោទប្រកាន់ដែលថាទីក្រុងតេហេរ៉ង់កំពុង គំាទ្រពួកភេរវកម្មនៅក្នុងតំបន់ ដោយថាសកម្មភាពរបស់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតទៅវិញទេ កំពុងបង្កភាពតានតឹង​និងអស្ថេរភាពដ៏គ្រោះថ្នាក់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។​

លោក Javad Zarif ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នៅឯវេទិកាមួយ ក្នុងទីក្រុងដូហា ប្រទេសកាតានៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ​លោករដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានគូសបញ្ជាក់​ដូច្នេះថា៖«ខ្ញុំគិតថាបច្ចុប្បន្នការនិយាយមានច្រើនជាងការធ្វើសកម្មភាព ហើយអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់របស់យើង នោះគឺអស្ថេរភាព ជាពិសេសគឺនៅប្រទេសយ៉េមែន»។ លោក Zarif បន្ថែមថា អស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាសព្វថ្ងៃ បង្កឡើងដោយគោលនយោបាយខុសឆ្គងរបស់អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តដ៏ធំរបស់ក្រុមឧទ្ទាមហ៊ូទី ក្នុងប្រទេសយ៉េមែន ជាទីដែលអារ៉ាប៊ីសាអូឌីតកំពុងដឹកនាំប្រតិបត្តិ វាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមឧទ្ទាមមួយនេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សហរដ្ឋអាមេរិក ដើម្បី​ទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់៕