​(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្មេងស្រីជាជនអន្តោប្រវេសន៍ហ្កាតេម៉ាឡាម្នាក់អាយុ៧ឆ្នាំ ឈ្មោះ Jakelin​ ដែលបានស្លាប់បន្ទាប់ពីត្រូវ បានអាជ្ញាធរព្រំដែនអាមេរិកចាប់ឃុំខ្លួន ធ្លាប់មានក្ដីស្រម៉ៃដ៏ធំ នោះគឺរកការងារល្អមួយនៅសហរដ្ឋអាមេរិកដើម្បីរកប្រាក់ផ្ញើឱ្យ​គ្រួសារដ៏ក្រីក្ររបស់នាងនៅឯស្រុកកំណើត។ នេះបើតាមម្ដាយក្មេងស្រីរូបនេះ ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក ម្ដាយក្មេងស្រី Jakelin គឺលោកស្រី​ Claudia Maquin បានលើកឡើងទាំងអារម្មណ៍ ក្ដុកក្ដួលដូច្នេះថា៖« កូនស្រីរបស់ខ្ញុំ Jakelin ធ្លាប់មានក្ដីស្រម៉ៃដ៏ធំមួយថានៅពេលដែលនាងធំឡើងនាងចង់រកការងារធ្វើ​ដ៏ល្អ (នៅសហរដ្ឋអាមេរិក) ដើម្បីរកប្រាក់ផ្ញើឱ្យម្ដាយ និងជីដូននៅឯផ្ទះ...ហើយដោយសារតែនាងមិនដែលឃើញប្រទេសធំ នាង ពិតជារីករាយណាស់នៅពេលបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកជាមួយឪពុក ក្នុងគោលបំណងកែប្រែជីវភាពក្រលំបាក សព្វថ្ងៃ»។

គួរបញ្ជាក់ថា ក្មេងស្រី Jakelin និងឪពុករបស់នាង ត្រូវបានឆ្មាំព្រំដែនអាមេរិកចាប់ឃុំខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅ នៅឯរដ្ឋ New Mexico។ អ្នកទាំង២ គឺស្ថិតនៅក្នុងចំណោមជនអន្តោប្រវេសន៍មកពីតំបន់អាមេរិក​កណ្ដាល១៦៣នាក់ដែល​បានប្រគល់ខ្លួនឱ្យអាជ្ញាធរអាមេរិក។ ប៉ុន្តែកាលពីថ្ងៃទី០៧ ខែធ្នូ ក្មេងស្រីដ៏កំសត់រូបនេះស្រាប់តតែ​ក្ដៅខ្លួនយ៉ាងខ្លាំងដល់​៤០.៩អង្សាសេ រហូតដល់បាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងគាំងបេះដូងស្លាប់តែម្ដងក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្មានម៉ោង​ក្រោយមក។

បច្ចុប្បន្ន ជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាលរាប់ពាន់កំពុងព្យាយាម សម្រុកក្នុងសហរដ្ឋអាមេរិកដោយ​ឆ្លងកាត់ព្រំដែនម៉ិចស៊ីកូ ក្នុងគោលបំណងគេចចេញពីការធ្វើទុក្ខបុកម្នេញ ភាពក្រីក្រ និងអំពើហិង្សានៅក្នុងប្រទេសរបស់​ពួកគេ។ ជនអន្តោប្រវេសន៍ទាំងនេះភាគច្រើនមកពីប្រទេសហ្កាតេម៉ាឡា អែល សាល់វ៉ាឌឺ និងហុងដូរ៉ាស់ជាដើម៕