(ម៉ូស្គូ)៖ អ្នករាយការណ៍ព័ត៌មានម្នាក់ប្រចាំប្រទេសបារាំង របស់សារព័ត៌មាន RT​ ត្រូវបានគេវាយបែកមាត់ នៅអំឡុងពេល រាយការណ៍ពីបាតុកម្មតវ៉ាជាលើកទី៥ នៃក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។

អ្នកនាង Nadège Abderrazak ជាអ្នករាយការណ៍ព័ត៌មានម្នាក់ប្រចាំប្រទេសបារាំង របស់សារព័ត៌មាន RT ត្រូវបានគេ វាយបែក និងហើមមាត់ អំឡុងពេលរាយការណ៍ពីបាតុកម្មតវ៉ា នៅ​ឯតំបន់ Place de l'Opéra ក្នុងទីក្រុងប៉ារីស។ ដោយឡែក​ជុំវិញការប្រើអំពើហិង្សាប្រឆាំងអ្នកកាសែតនេះដែរ និពន្ធនាយកសារព័ត៌មាន RT លោកស្រី Margarita Simonyan បានបង្ហោះរូបភាពរបស់អ្នកនាង Abderrazak នៅលើបណ្ដាញទំនាក់ទំនងសង្គម និង​ទទួលស្គាល់ថា​អ្នកព័ត៌មានរបស់ខ្លួន​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរបារាំង មនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងតំបន់ Ile-de-France ក្នុងទីក្រុងប៉ារីស ភាគកណ្តាល​ប្រទេសបារាំងនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែលជាសប្តាហ៍ទី៥នៃការធ្វើបាតុ​កម្ម​របស់​ក្រុមចលនាអាវកាក់​ពណ៌​​លឿង​។ ប៉ុន្តែ បាតុកម្មអាវកាក់ពណ៌លឿង មានការចូលរួមពីក្រុមអ្នកតវ៉ាខ្ទង់ពាន់នាក់ ដោយ​ជាង១,០០០នាក់ប៉ុណ្ណោះ ​មាន​វត្ត​មាននៅក្នុងទីក្រុងប៉ារីស ហើយចំនួននេះត្រូវគេសង្កេតឃើញថា មានការធ្លាក់ចុះឆ្ងាយធៀបនឹងសប្តាហ៍មុនៗ ដែលមាន​អ្នក​ចូលរួមខ្ទង់សែននាក់នៅទូទាំង​ប្រទេស។

យ៉ាងណាមិញ ក៏នៅតែមានការប្រើឧស្ម័នបង្ហូរទឹកភ្នែក​និង​ប៉ះទង្គិចគ្នា​បន្តិចបន្តួច​ រវាង​ប៉ូលិសនិងក្រុម​បាតុករផងដែរ។ តែ មើលទៅហាក់មានភាពធូរស្រាលជាងសប្តាហ៍មុនៗ៕