(ប្រទេសចិន)៖ លោកស្រី Meng Wanzhou (ម៉េង វ៉ានចូវ) គឺជានាយកប្រតិបត្តិ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចិន​ដ៏ល្បី​មួយរូប។ លោកស្រីគឺជាអនុប្រធានក្រុមប្រឹក្សាភិបាល និងប្រធានហិរញ្ញវត្ថុ (CFO) នៃ​​ក្រុមហ៊ុនទូរគមនាគមន៍ Huawei ដែល​ជា​ក្រុមហ៊ុនឯកជនធំបំផុត​ប្រចាំ​ប្រទេសចិន ត្រូវបានបង្កើតឡើងដោយលោក Ren Zhengfei ដែល​ជា​ឪពុក​បង្កើត​របស់​លោកស្រី​ផ្ទាល់។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី Meng ត្រូវបានគេចាប់ខ្លួននៅប្រទេសកាណាដា តបតាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា លោកស្រីមានជាប់ពាក់ព័ន្ធ​ការ​កេង​បន្លំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​កន្លែង។

ខាងក្រោម​នេះ​ជា​ជីវប្រវត្តិ និង​ព័ត៌មាន​សំខាន់​ៗ​ជុំវិញ​ស្ត្រី​ល្បី​ឈ្មោះ​រូបនេះ៖

* ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ថ្ងៃ​ទី​១៣ កុម្ភៈ ​១៩៧២ (វ័យ​៤៦​ឆ្នាំ)
* កន្លែង​កំណើត៖ ​​ទីក្រុង Chengdu ខេត្ត​ Sichuan ប្រទេស ចិន
* ជនជាតិ​៖ ចិន
* ការ​អប់រំ​៖ សិក្សា​នៅ​សាកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Huazhong
* មុខ​របរ៖ នាយក​ប្រតិបត្តិក្រុមហ៊ុន
* តួនាទី៖ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងប្រធានហិរញ្ញវត្ថុ (CFO) ក្រុមហ៊ុនទូរគមនាគមន៍ Huawei
* ស្វាមី៖ លោក Liu Xiaozong (រៀបអាពាហ៌ពិពាហ៌​ឆ្នាំ​២០០៧)
* កូន៖ ៤នាក់
- ឪពុក៖ លោក Ren Zhengfei
- ម្តាយ៖ លោកស្រី Meng Jun

* ជីវិតកាល​ពី​កុមារភាព និងការអប់រំ

Wanzhou កើតនៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ក្នុងឆ្នាំ១៩៧២ ជា​កូនស្រីរបស់លោក Ren Zhengfei និងភរិយាទី១ ដែល​មាន​ឈ្មោះ​ថា​ Meng Jun ។ Wanzhou បានយកនាមត្រកូលរបស់ម្ដាយ ធ្វើ​ជា​នាម​ត្រកូល​របស់​ខ្លួន​នៅពេលនាងមានអាយុ១៦ឆ្នាំ។

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅឆ្នាំ១៩៩២ Wanzhou បានបម្រើការឱ្យធនាគារសាងសង់ចិន អស់រយៈពេលមួយឆ្នាំ។ ក្រោយមក​ Wanzhou បាន​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Huawei ដែល​មាន​ឪពុក​របស់​នាង​ជា​ស្ថាបនិក ​និង​ជា​លេខាធិការ​របស់​ក្រុមហ៊ុន​ផ្ទាល់។ ក្រោយ​មក​នាង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ១៩៩៧ ដើម្បីសិក្សា​ឯកទេស​ផ្នែក​គណនេយ្យ ព្រមទាំង​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Huazhong។

* ជីវិត​ឯកជន
ក្នុងឆ្នាំ២០០៧ លោកស្រី Meng បានរៀបការជាមួយអ្នកជំនួញម្នាក់​ដែល​មាន​ឈ្មោះថា Liu Xiaozong អតីត​ជា​បុគ្គលិកក្រុមហ៊ុន Huawei ផ្ទាល់អស់រយៈពេល១០ឆ្នាំ។ បន្ទាប់​ពី​រៀប​ការ​ពួកគេមានកូនស្រី​ម្នាក់​ រួម​ជាមួយ​កូនប្រុសបីនាក់ផ្សេង​ទៀត​របស់​លោកស្រី​ Meng ជាមួយ​អតីត​ស្វាមី​ម្នាក់​ទៀត។

លោកស្រី និងស្វាមី មាន​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​ប្រមាណ​២​លានដុល្លារនៅ Vancouver នៅ​ក្នុង​ខេត្ត British Columbia ប្រទេស​កាណាដា ដោយ​បន្ត​រស់នៅ​រហូត​ដល់​ឆ្នាំ២០០៩។ Wanzhou ក៏មានលំនៅអចិន្ត្រៃយ៍​នៅ​ទីក្រុង​ ហុងកុងផងដែរ​ក្នុង​ឆ្នាំ​២០១១។

* មុខ​របរ
លោកស្រី​កាន់​មុខតំណែង​​មួយ​ចំនួន​ដូច​ជា​ ប្រធានគណនេយ្យអន្តរជាតិ ​នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ប្រចាំទីក្រុង Hong Kong និងជា​ប្រធាន​នាយកដ្ឋានគ្រប់គ្រងគណនេយ្យ​ផងដែរ​។ ក្នុងបញ្ជី​ឈ្មោះ​នាយកប្រតិបត្តិកំពូល​របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុងឆ្នាំ២០១១ លោកស្រី Meng ក៏​បានជាប់ឈ្មោះ​ក្នុង​បញ្ជី​នោះ​ក្នុង​នាម​ជាប្រធានហិរញ្ញវត្ថុម្នាក់​ប្រចាំក្រុមហ៊ុន។

នា​​ខែមីនា ឆ្នាំ២០១៨ លោកស្រី ត្រូវបានតែងតាំងជាអនុប្រធានមួយរូប ក្នុងចំណោមអនុប្រធានបួនរូបនៃក្រុមប្រឹក្សាភិបាល។ ទី​បំផុត​លោកស្រី​បាន​រីកចម្រើន​រហូត​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ឪពុក​របស់​លោកស្រី បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​សំណាក់ប្អូន​​ប្រុស​របស់​លោក​ស្រី​ផ្ទាល់​ក្តី។​

គិតត្រឹមខែធ្នូ ឆ្នាំ​២០១៨ លោកស្រី​បាន​​កាន់​តួនាទី​ជាអនុប្រធាន និងជាប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុនឯកជនធំបំផុត​នៅ​ប្រទេស​ចិន ដែល​មានបុគ្គលិកសរុប​ចំនួន១៨០ ០០០នាក់។ ក្នុងឆ្នាំ ២០១៧ ទស្សនាវដ្តី Forbes បានចុះផ្សាយ ដោយ​​លោកស្រី Meng ជាប់​ចំណាត់​ថ្នាក់​លេខ៨ ក្នុង​នាម​ជា​ស្ត្រី​ដែល​ជា​អ្នក​ជំនួញ​ដ៏​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​ ចិន ខណៈ​ដែល​ប្រធានក្រុមហ៊ុន Huawei លោក​ស្រី Sun Yafang បានជាប់ចំណាត់ថ្នាក់លេខ២។

* ការ​ឃុំ​ខ្លួន
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេល​ត្រៀម​ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង ហុងកុង​ទៅកាន់​ទីក្រុង ម៉ិចស៊ីក នៅ​អាកាសយាន្ត​ដ្ឋាន​អន្ដរជាតិទីក្រុង Vancouver លោកស្រី ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ កាណាដា តាម​សំណើ​ធ្វើបត្យាប័ន​របស់សហរដ្ឋអាមេរិក។ ការ​ពិត​លោកស្រី ត្រូវ​បាន​តុលាការសហរដ្ឋអាមេរិក ចេញ​ដីកា​ចាប់​ខ្លួន តាំង​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ដោយ​យោងតាមរដ្ឋអាជ្ញា​​តុលាការ​កាណាដា លោកស្រី Meng ត្រូវ​បានចោទប្រកាន់ពី​បទ​បោកបន្លំ​ស្ថាប័ន​អន្ដរជាតិ​ជា​ច្រើន​កន្លែង។

យោងតាម​ការ​លើកឡើងរបស់​អង្គភាព​មួយ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន Huawei ត្រូវបាន​គេ​ឱ្យដឹងថា ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយប្រទេស​អ៊ីរ៉ង់ ដែល​វា​​ផ្ទុយ​នឹង​គោលការណ៍​នៃ​ការ​​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ យោងតាមមេធាវីការពារក្តីបាន​ឱ្យដឹងថា ធនាគារដែលពាក់ព័ន្ធនៅក្នុងកិច្ចសន្យានោះគឺធនាគារ HSBC ព្រមទាំង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដោយ​​បាន​បញ្ជាក់ថា លោកស្រី Meng មិន​បាន​បំពាន​ច្បាប់​ណាមួយ​របស់​សហរដ្ឋអាមេរិក ឬកាណាដាទេ។

សូម​ជម្រាប​ថា ​រឿង​ក្តី​ចោទ​ប្រកាន់​ទៅ​លើ​លោកស្រី Meng កើត​ចេញ​ពី​សេចក្តី​រាយការណ៍​របស់​ភ្នាក់​ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​អំពី​ក្រុមហ៊ុន​មួយ​ដែល​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ក្រុមហ៊ុន Skycom Tech ដែល​មាន​ស្នាក់​ការ​នៅ​ទីក្រុង ហុងកុង មាន​បំណង​ចង់​លក់​ផលិតផល​សហរដ្ឋអាមេរិក ដល់​ប្រទេស អ៊ីរ៉ង់ បើ​ទោះបី​មាន​ការ​ហាម​ឃាត់​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ក្តី។

នៅថ្ងៃទី៧ និងថ្ងៃ​ទី​១០ ខែធ្នូ លោកស្រី Meng បានចូលក្នុងសវនាការក្នុង​ទីក្រុង Vancouver ។ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ណាមួយ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់ និងការ​លើកឡើង​ប្រឆាំង​ការ​ចោទ​ប្រកាន់។ សវនាការ​ក៏​បាន​បន្ត​ដំណើរ​ការ​ម្តង​ទៀតនៅថ្ងៃទី១១ ខែធ្នូ។ លោកស្រីត្រូវបានគេដោះលែងដោយតម្រូវ​ឱ្យ​មានប្រាក់ធានា១០លានដុល្លារ (៧​លានដុល្លារ ជាសាច់ប្រាក់ និង៣លានដុល្លារជាប្រាក់ធានា) ព្រមទាំង​លក្ខខណ្ឌមួយ​ចំនួន ក្នុង​នោះ​រួមទាំងការឃ្លាំមើល​​លោកស្រី​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ផងដែរ។

* ប្រតិកម្មជុំវិញ​ការ​ចាប់​ខ្លួន
នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានដឹងអំពីដំណើរ​ការចាប់ខ្លួន​លោកស្រី ប៉ុន្តែ​មិន​បាន​ចូលរួមនៅក្នុងដំណើរ​ចាប់​ខ្លួន​នេះឡើយ។ ដោយ​ឡែក​មន្រ្តីសេតវិមាន​សហរដ្ឋអាមេរិក បាននិយាយថា «ប្រធានាធិបតី​អាមេរិក លោក Donald Trump មិនបានដឹងអំពីសំណើ​របស់​សហរដ្ឋអាមេរិក ចំពោះការធ្វើបត្យាប័នលោកស្រីចេញ​ពីប្រទេសកាណាដាឡើយ ​រហូត​ដល់​លោក​ជួប​ជាមួយ​ប្រធានាធិបតី ចិន លោក Xi Jinping»។ ដោយឡែកទីប្រឹក្សាសន្តិសុខអាមេរិកលោក John R. Bolton បាននិយាយថា ការ​ពិត​លោក Trump គាត់ដឹងជាមុន​រួច​ទៅ​ហើយ​អំពីការចាប់ខ្លួនរបស់លោកស្រី Meng។

លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ការចាប់ខ្លួនលោកស្រី Meng គឺជា «រឿងក្តីព្រហ្មទណ្ឌព្រហ្មទណ្ឌ» ដែល​មិនមានឥទ្ធិពល​អ្វីលើកិច្ចពិភាក្សា ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិននោះទេ។ យ៉ាង​នេះ​ក្តីលោក Trump បាននិយាយថា លោកនឹង​ធ្វើអន្តរាគមន៍ក្នុង​រឿងក្តី​នេះ ដើម្បីជំរុញ​ឱ្យ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន កាន់​តែ​ប្រសើរ។ ដោយឡែក​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាន​លើក​ឡើង​​អំពី​បេសកកម្ម​ «អាមេរិកទីមួយ» ឆ្លើយ​តប​នឹង​ស្ថានភាព​នេះ​។ តែ​ការ​លើកឡើង​នេះ​ត្រូវ​បានរង​ការ​រិះគន់​ជា​ខ្លាំង។

ចំណែក​ស្ថានទូតចិននៅប្រទេសកាណាដា បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការចាប់ខ្លួនលោកស្រី។ ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតកាណាដា និងអាមេរិក​ ដើម្បីតវ៉ា​ជុំវិញការ​ចាប់​ខ្លួន​នេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចោទប្រកាន់ថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីរារាំងភាព​រីកចម្រើន នៃ​ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរបស់​ប្រទេស​ចិន​ប៉ុណ្ណោះ៕