(ញូដេលី)៖ អ្នកសារព័ត៌មានឥណ្ឌាម្នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ បន្ទាប់ពីលោកបានរិះគន់នាយករដ្ឋមន្ត្រី លោក Narendra Modi នៅលើ Facebook។ ប៉ុន្តែការកាត់ទោសនេះត្រូវបានអង្គការសង្គមស៊ីវិលចាត់ទុកថាជាការបង្ក្រាបលើ សេរីភាពបញ្ចេញមតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
អ្នកសារព័ត៌មាន លោក Kishorechandra Wangkhem ត្រូវបានអាជ្ញាធរឥណ្ឌាចាប់ខ្លួនកាលពីខែវិច្ឆិកាកន្លងទៅនៅឯតំបន់ដាច់ ស្រយាលនៃភាគឦសានរដ្ឋ Manipur ក្រោមច្បាប់មួយដែលអនុញ្ញាតឱ្យអាជ្ញាធរឃុំខ្លួនជនណាម្នាក់ ដោយមិនចាំបាច់មាន ការជំនុំជម្រះ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក លោក Wangkhem ត្រូវបានចាប់ខ្លួនបន្ទាប់ពីលើបង្ហោះសារ នៅលើ Facebook ដោយហៅរដ្ឋមន្ត្រីប្រចំារដ្ឋ Manipur គឺលោក Biren Singh ថាជាអាយ៉ងរបស់លោក Modi ដែលកំពុងផ្សព្វផ្សាយទស្សនៈឆ្វេងនិយមហិណ្ឌូនៅក្នុងតំបន់។
គួរជម្រាបថា ការចាប់ខ្លួន និងកាត់ទោសលោក Wangkhem ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល ដែលចាត់ទុកថាវាគឺការគាបសង្កត់ និងបង្រ្កាបលើសេរីភាពបញ្ចេញមតិ៕