(អ៊ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋ​មន្រ្តីប៉ាគីស្ថានដែលធ្លាក់ពីអំណាច លោក ណាវ៉ាហ្ស ស្សារីហ្វ (Nawaz Sharif) ត្រូវ​បាន​តុលា​ការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល០៧ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​ពី​សារព័ត៌មាន Indian Express នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

លោក Sharif នាថ្ងៃចន្ទនេះត្រូវបានតុលាការប្រឆាំងអំពើពុករលួយ​ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ​០៧ឆ្នាំ នៅក្នុង​សំណុំរឿងពុករលួយនៃក្រុមហ៊ុនដែកថែប Al-Azizia Steel Mills ប៉ុន្តែរូបលោកបានរួចទោសពី​សំណុំរឿង​ពុកនៃ​ក្រុម​ហ៊ុន​វិនិយោគទុន Flagship Investments។

គួរជម្រាបថា លោក Sharif ក៏មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយមួយផ្សេងទៀត​ផងដែរ ដែលទាក់ទិន​ការទិញ​អចលនទ្រព្យ​នៅ​​ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ លោក Sharif ត្រូវបានតុលាការកំពូលប៉ាគីស្ថាន សម្រេច​ទម្លាក់​ចេញ​ពី​តំណែង​កាល​ពី​​ខែកក្កដា ឆ្នាំ២០១៧៕