(ឥណ្ឌូណេស៊ី)៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ប្រទេស ឥណ្ឌូណេស៊ី បានជួបសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងការដួលរលំនៃភ្នំភ្លើង nak Krakatau ស្ថិតនៅច្រកសមុទ្រ Sunda បង្កឱ្យមានរលកស៊ូណាមីវាយប្រហារខេត្ត Banten និង Lampung ជាប់ឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី។ យោងទៅតាមកាសែត The Guardian បានឱ្យដឹងថា រលកយក្សស៊ូណាមី ត្រូវគេជឿថាបណ្តាលមកពីការបាក់ដីក្រោមសមុទ្រដែលបានកើតឡើង បន្ទាប់ពីការផ្ទុះភ្នំភ្លើង nak Krakatau។
ខាងក្រោមជាព័ត៌មានលម្អិតជុំវិញសោកនាដកម្មនេះ៖
* កាលបរិច្ឆេទ៖ ថ្ងៃទី២២ ធ្នូ ២០១៨
* វេលាម៉ោង៖ ២១ និង២៧នាទី (ម៉ោងក្នុងតំបន់)
* ទីតាំង៖ តំបន់ Pandeglang, Lampung ខាងត្បូង និង Serang នៅចន្លោះនៃច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា
* អ្នកស្លាប់៖ ៤២៩នាក់ (គិតត្រឹមយប់ថ្ងៃទី២៥ ធ្នូ ២០១៨)
* អ្នករងរបួស៖ ១៤០០នាក់ (គិតត្រឹមយប់ថ្ងៃទី២៥ ធ្នូ ២០១៨)
* អ្នកបាត់ខ្លួន៖ ៥៧នាក់ (គិតត្រឹមយប់ថ្ងៃទី២៤ ធ្នូ ២០១៨)
១៖ ហេតុការណ៍រលកយក្សស៊ូណាមី
នៅវេលាម៉ោង២១៖២៧នាទី (ម៉ោងក្នុងតំបន់) ភ្នំ Anak Krakatau បានផ្ទុះឡើងដោយកម្លាំងខ្លាំង រហូតដល់បានបំផ្លាញឧបករណ៍ព្យាករណ៍គ្រោះធម្មជាតិក្នុងតំបន់។ បើទោះបីឧបករណ៍នោះត្រូវបានបំផ្លាញ ប៉ុន្តែស្ថានីយព្យាករណ៍កម្លាំងរញ្ជួយនៅក្បែរនោះបានព្រមានថា នឹងមានការរញ្ជួយដីផ្សេងទៀតកើតឡើងជាបន្តបន្ទាប់។ ភ្នាក់ងារជាតិឥណ្ឌូណេស៊ីទប់ស្កាត់គ្រោះមហន្តរាយ ហៅកាត់ថា BMKG បានរកឃើញថា សោកនាដកម្មរលកយក្សស៊ូណាមី បានកើតមានឡើងនៅឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Banten ប៉ុន្តែទីភ្នាក់ងារនេះមិនបានរកឃើញសញ្ញាព្រមានណាមួយ មុនហេតុការណ៍នេះកើតឡើងនោះទេ។
ដោយឡែកយោងទៅតាមកាសែត Jakarta Post អាជ្ញាធរឥណ្ឌូណេស៊ី បាននិយាយថា រលកយក្សស៊ូណាមី អាចត្រូវបានបង្កឡើងដោយការកើនឡើងនូវកម្ពស់ទឹករលកខុសពីធម្មតាបណ្តាលមកពីបាតុភូតបាក់ដីនៅក្រោមផ្ទៃទឹកសមុទ្រ បណ្តាលមកពីការបន្ទុះភ្នំភ្លើង Anak Krakatau។ កម្ពស់ទឹករលកស៊ូណាមី មានកម្ពស់ប្រមាណជា ៩០សង់ទីម៉ែត្រ ក្នុងខេត្ត Serang និងប្រមាណ៣០ សង់ទីម៉ែត្រ ក្នុងខេត្ត Lampung និងមានកម្ពស់ខ្ពស់បំផុត២ម៉ែត្រ។
គួររំឮកថា កាលពីមុន ភ្នាក់ងារ BMKG ធ្លាប់បានចេញសេចក្តីព្រមានថា នឹងមានរលកធំៗ នៅក្បែរច្រកសមុទ្រនេះតែ បែរជាពុំមានទីតាំងណាមួយកើតឡើងនូវរលកស៊ូណាមីឡើយ ហើយហេតុដូច្នេះហើយទើបលើកនេះមិនមានការព្រមានទុកជាមុនតាមរយៈឧបករណ៍ព្យាករណ៍។ ប៉ុន្តែក្នុងរយៈពេលមួយថ្ងៃបន្ទាប់ការកើតហេតុ គឺនៅថ្ងៃទី២៣ ខែធ្នូ មានការបញ្ជាក់តាមរយៈទិន្នន័យផ្កាយរណប និងរូបភាពពីឧទ្ធម្ភាគចក្រ ថាតំបន់ភាគនិរតី នៃ Anak Krakatau ដួលរលំបង្កឱ្យមានរលកយក្សស៊ូណាមី។
* ព័ត៌មានសំខាន់ៗជុំវិញប្រវត្តិបន្ទុះភ្នំភ្លើង ប្រទេស ឥណ្ឌូណេស៊ី
ដោយឋិតនៅលើខ្សែបន្ទាត់ Ring of Fire (សំដៅលើតំបន់ក្នុងសមុទ្រប៉ាស៊ីហ្វីក ដែលមានសណ្ឋានដីកើតមាននូវហេតុការណ៍បន្ទុះភ្នំភ្លើង និងរញ្ជួយដីញឹកញាប់ជាងគេ) ប្រទេសឥណ្ឌូណេស៊ី ជួបប្រទះនូវគ្រោះរញ្ជួយដីជាញឹកញាប់ និងជាកន្លែងដែលប្រមូលផ្តុំនូវភ្នំភ្លើងសកម្មសរុបចំនួន១២៧។ Anak Krakatau ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំងនេះ ដែលស្ថិតនៅច្រកសមុទ្រ Sunda ដែលបានផុសឡើងនៅឆ្នាំ១៩៧២ ក្រោយពីមានបន្ទុះភ្នំភ្លើង Krakatoa ក្នុងឆ្នាំ១៨៨៣ ដែលជាហេតុការណ៍បន្ទុះភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានសម្លាប់មនុស្សជាង ៣០០០០នាក់ ដែលជនរងគ្រោះទាំងនោះភាគច្រើនរស់នៅក្នុងតំបន់ដូចគ្នា នឹងតំបន់ដែលរងគ្រោះដោយរលកស៊ូណាមី ក្នុងឆ្នាំ២០១៨នេះផងដែរ។
នៅរយៈប៉ុន្មានខែមុនឈានដល់ហេតុការណ៍រលកយក្សស៊ូណាមី គេសង្កេតឃើញថា ភ្នំនេះមានសកម្មភាពខ្លាំងក្លាជាលំដាប់រហូតឈានដល់ហេតុការណ៍ផ្ទុះឡើងនាថ្ងៃទី២១ ខែធ្នូកន្លងទៅ នេះបង្កើតពពកផេះកម្ពស់៤០០ ម៉ែត្រ។
សូមជម្រាបថា រលកយក្សស៊ូណាមី កាលពីឆ្នាំ២០០៤កន្លងទៅនេះ ក៏បានកើតឡើងនាពេលចុងឆ្នាំដូចគ្នា គឺថ្ងៃទី២៦ ខែធ្នូ ប៉ុន្តែបានបង្កការខូចខាតធំធេង គឺទូទាំងតំបន់មហាសមុទ្រឥណ្ឌា ដោយប្រទេសឆ្ងាយៗជាច្រើនពីឥណ្ឌូណេស៊ី ដូចជាប្រទេសថៃ និងស្រីលង្កាកំពុងរងផលប៉ះពាល់ផងដែរ។
* ជនរងគ្រោះ
ភ្លាមៗ បន្ទាប់ពីរលកយក្សស៊ូណាមី កើតឡើងចំទីតាំងនៃប្រគុំតន្រ្តីត្រូវបានប្រារព្ធឡើងក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីបានរាយការណ៍ដំបូងថា មានមនុស្សស្លាប់២០នាក់ និង១៦៥នាក់រងរបួស។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានមនុស្សស្លាប់រហូតដល់៤២៩នាក់ហើយ ខណៈមនុស្សច្រើនជាង ១,៤០០នាក់ផ្សេងទៀតរងរបួស ដោយឡែកចំនួនមនុស្សបាត់ខ្លួននៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ។
ក្នុងចំណោមជនរងគ្រោះទាំងអស់ ក៏មាន Aa Jimmy ជាតារាសម្តែង និងតារាកំប្លែងឥណ្ឌូណេស៊ី រួមទាំងសមាជិកជាច្រើននៃក្រុមតន្ត្រី Seventeen អ្នកលេងឧបករណ៍ភ្លេងហ្គីតា លោក Herman Sikumbang អ្នកគ្រប់គ្រងផ្លូវលោក Oki Wijaya និងនាវិក Ujang ។ ហើយបន្ទាប់ពីប៉ុន្មានម៉ោងក្រោយមកអ្នកវាយស្គរលោក Windu Andi Darmawan និង Dylan Sahara ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រុមភ្នាក់ងារមនុស្សធម៌កំពុងព្រួយបារម្ភ ខ្លាចមានវិបត្តិសុខាភិបាលសាធារណៈផ្ទុះឡើង ក្រោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ។ លើសពីនេះទៅទៀត កុមារជាច្រើននាក់ក៏ត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺដូចជា ក្ដៅខ្លួន និងឈឺក្បាលជាដើម ដោយសារតែពួកគេមិនមានទឹកស្អាតបរិភោគគ្រប់គ្រាន់។ ចំណែកឯក្រុមជំនាញក៏បានព្រមានដែរថា រលកយក្សស៊ូណាមី អាចនឹងកើតឡើងជាថ្មីម្ដងទៀត ទើបប្រជាជនច្រើនជាង ៥,០០០នាក់ មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញ។
ខ្សែវីដេអូដែលផ្សាយផ្ទាល់តាមបណ្តាញតាមអ៊ីនធឺណែតបានបង្ហាញជាក់ស្តែងពីទិដ្ឋភាពឆាកតន្រ្តីដែលត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមី ខណៈកម្មវិធីកំពុងដំណើរការ។ ដោយឡែកក្រុមទេសចរណ៍ ដឹកនាំដោយក្រុមហ៊ុន PLN និងក្រសួងកីឡា និងយុវជន ក៏រងគ្រោះដោយសាររលកយក្សស៊ូណាមីផងដែរ ដោយសមាជិកមួយចំនួនបានស្លាប់បាត់ខ្លួន ឬរងរបួស។
* ការខូចខាត
គិតត្រឹមថ្ងៃទី២៥ ខែធ្នូ របាយការណ៍បានបង្ហាញថា លំនៅដ្ឋានប្រមាណ៤០០ខ្នង សណ្ឋាគារ៩កន្លែង ក្នុងខេត្ត Pandeglang ត្រូវបាក់រលំ ឬរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកលំនៅដ្ឋានចំនួន៣០ខ្នងផ្សេងទៀតក្នុងខេត្ត Lampung ភាគខាងត្បូង ក៏រងការខូចខាតផងដែរ។ ជាមួយគ្នានេះដែរផ្លូវដែលតភ្ជាប់ពីខេត្ត Serang និ Pandeglang ត្រូវបានកាត់ផ្តាច់។ អ្នកនាំពាក្យប្រចាំភ្នាក់ងារ BNPB លោក Sutopo Purwo Nugroho បានឱ្យដឹងថា «អគារជាច្រើនត្រូវរងការបំផ្លាញដោយរលកដែលបោកបក់លើឆ្នេរ ក្នុងខេត្ត Lampung និង ខេត្ត Banten នៅវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃសៅរ៍»។ (បញ្ជាក់តួលេខនៃការខូចខាច អាចនឹងប្រែប្រួល)។
* ដំណោះស្រាយ
ឆ្លើយតបហេតុការណ៍ដ៏អាក្រក់នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ជាឱ្យក្រសួងសង្គម និងកងកម្លាំងយោធាជាតិឥណ្ឌូណេស៊ី ចាត់វិធានការណ៍ចុះទៅកាន់កន្លែងកើតហេតុជាបន្ទាន់។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Wan Azizah Wan Ismail ក៏បានចូលរួមក្នុងវិធានការណ៍សង្គ្រោះនេះផងដែរ។ ដោយឡែក ក្រសួងទេសចរណ៍ បានផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីទេសចរណ៍ទាំងអស់ទៅកាន់ខេត្ត Lampung និងខេត្ត Banten ។
មិនតែប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ ហេតុការណ៍នេះកើតឡើងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសផ្តល់ជំនួយដល់តំបន់ដែលរងផលប៉ះពាល់ ព្រមទាំងបានចូលរួមផ្តល់សារមរណៈទុក្ខតាមរយៈបណ្តាញសង្គម Twitter ។ ដោយឡែកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បង្ហោះសាររំលែកទុក្ខតាមរយៈបណ្តាញសង្គម Twitter ផងដែរ ហើយប្រកាសត្រៀមជានិច្ច ដើម្បីជួយដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី។ ដូចគ្នានេះប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានបង្ហាញការចូលរួមរំលែកទុក្ខតាមរយៈ Twitter ផងដែរ ដោយលើកឡើងថា «នេះជាការបំផ្លិចបំផ្លាញដែលមិនអាចនឹកស្មានដល់»។
គិតត្រឹមថ្ងៃពុធនេះ ជំនួយចាំបាច់នានាត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដោយសាររលកយក្សស៊ូណាមី នៅក្នុងប្រទេសឥណ្ឌូណេស៊ីជាបណ្ដើរៗហើយ ខណៈដែលក្រុមអ្នកធ្វើការងារផ្នែកមនុស្សធម៌ បានព្រមានពីកង្វះខាតទឹកស្អាត និងថ្នាំពេទ្យ ស្របពេលមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅតាមជំរុំបណ្ដោះអាសន្ន ដែលកំពុងដង្ហោយរកជំនួយបន្ទាន់ជាច្រើនទៀត។ សូមជម្រាបថា រលកយក្សស៊ូណាមី លើកនេះបង្កឱ្យមានផលប៉ះពាល់ខ្ពស់ដោយគ្មានការព្រមានទុកជាមុន បានបង្កក្តីបារម្ភដល់ប្រជាពលរដ្ឋក្នុងតំបន់ រហូតជម្លៀសខ្លួនចេញមិនហានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា