(ដាម៉ាស់)៖ ទីបំផុតស្ថានទូតអេមីរ៉ាត់អារ៉ាប់រួម នៅឯរដ្ឋធានីដាម៉ាស់នៃប្រទេសស៊ីរី ត្រូវបានបើកទ្វារឡើងវិញហើយនាថ្ងៃព្រហស្បតិ៍នេះ គិតចាប់តាំងពីបដិវត្តន៍បានផ្ទុះឡើងនៅស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
កាលពីឆ្នាំ២០១១ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីស៊ីរីទៅវិញ ក្រោយការចាប់ផ្តើមនៃការធ្វើបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក អាស្សាដ ដែលបានបណ្តាលឲ្យប្រទេសមជ្ឈិមបូព៌ាមួយនេះធ្លាប់ចូលក្នុងសង្រ្គាមស៊ីវិល។ នៅឆ្នាំដដែល ស៊ីរីក៏ត្រូវបានបណ្តេញចេញពីសម្ព័ន្ធអារ៉ាប់ដែលមានសមាជិក២២ប្រទេសផងដែរ ដោយបណ្តាប្រទេសអារ៉ាប់បានដាក់ទណ្ឌកម្ម និងថ្កោលទោសទីក្រុងដាម៉ាស់ ចំពោះការប្រើកម្លាំងយោធាលើក្រុមអ្នកប្រឆាំង។
តាមរយៈការបើកស្ថានទូតខាងលើឡើងវិញ អេមីរ៉ាត់អារ៉ាប់រួម បានក្លាយជាប្រទេសដំបូងគេ នៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលបានសម្រេចបន្តទំនាក់ទំនងការទូតជាថ្មីម្តងទៀតជាមួយប្រទេសស៊ីរី ហើយការបើកទ្វារស្ថានទូតនេះ ត្រូវបានធ្វើឡើង ក្រោយដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៦ ខែធ្នូ នៅក្រុងដាម៉ាស់ របស់ប្រធានាធិបតីស៊ូដង់ លោក Omar Bashir ដែលបានក្លាយប្រមុខរដ្ឋអារ៉ាប់ដំបូងគេ ដែលបានមកទស្សនកិច្ចនៅស៊ីរី ចាប់តាំងពីសង្រ្គាមស៊ីវិលបានផ្ទុះឡើង។
គួរជម្រាបថា រយៈពេលជិត០៨ឆ្នាំក្រោយបញ្ហាជម្លោះបានចាប់ផ្តើម លោក អាស្សាដ បានកាន់កាប់មកនូវតំបន់មួយចំនួនធំនៃទឹកដីស៊ីរីទាំងមូល ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ីនិងអ៊ីរ៉ង់៕