(បាកដាដ)៖ ក្រុមតំណាងរាស្ត្រអ៊ីរ៉ាក់ជាច្រើននាក់ បានស្នើឱ្យសហរដ្ឋអាមេរិកដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ ដោយបញ្ជាក់ថា អាណានិគមអាមេរិកបានបិទបញ្ចប់ហើយ និងបន្ទាប់ពីថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក ត្រាំ ថារំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ការស្នើឡើងខាងលើរបស់តំណាងរាស្ត្រអ៊ីរ៉ាក់ ធ្វើឡើងបន្ទាប់ពីពួកគេបានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការបំពេញដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងបាកដាដ កាលពីថ្ងៃពុធ ដោយមិនបានជួបជាមួយមេដឹកនាំអ៊ីរ៉ាក់សូម្បីតែម្នាក់។ តំណាងរាស្ត្រអ៊ីរ៉ាក់ លោក Salam al-Shimiri បានគូសបញ្ជាក់ដូច្នេះថា៖ «សភាអ៊ីរ៉ាក់គួរតែយល់ឱ្យ ច្បាស់ និងបង្ហាញការយល់ឃើញជាបន្ទាន់លើការរំលោភដែនអធិបតេយ្យភាពអ៊ីរ៉ាក់ ពីសំណាក់លោក ដូណាល់ ត្រាំ»។
បន្ថែមពីលើនេះ លោក al-Shimiri ក៏បានសន្យាផងដែរថានឹងជម្រុញឱ្យមានការបើកសម័យប្រជុំសភាពេញអង្គមួយដើម្បីបោះឆ្នោត
លើនិតិវិធីស្នើឱ្យកងទ័ពអាមេរិកដកចេញពីប្រទេសអ៊ីរ៉ាក់។
គួរជម្រាបថា ភាពចម្រូងចម្រាស់កើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចសួរសុខទុកកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ ដោយមិនបានជួបជាមួយមេដឹកនាំអ៊ីរ៉ាក់សូម្បីតែម្នាក់ ពោលគឺបានត្រឹមតែជជែកគ្នាតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់តែប៉ុណ្ណោះ។ មួយវិញទៀត លោកត្រាំ ក៏បាននិយាយដែរថាលោកគ្មានគម្រោងដកកងទ័ពអាមេរិកជាង៥,២០០នាក់ ចេញពីអ៊ីរ៉ាក់ឡើយ ខណៈលោកបញ្ជាឱ្យដកទ័ពចេញពីប្រទេសស៊ីរី៕