(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក យូរី បូរីសូវ (Yuri Borisov) បានអះអាងថា មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឈ្មោះ អាវាំងហ្គាដ (Avangard) ស៊េរីថ្មីចុងក្រោយបំផុតមានសមត្ថភាពហោះហើរលឿនជាងសំឡេង ២៧ដង ហើយដែលល្បឿននេះមិនអាចឱ្យប្រព័ន្ធមីស៊ីលដទៃ ស្ទាក់ចាប់វាបានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
លោក Borisov លើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី Rossia24 និងបន្ទាប់ពីមីស៊ីល Avangard ត្រូវបានបាញ់សាកល្បងដោយជោគជ័យកាលពីថ្ងៃពុធ ក្រោមការបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នាឱកាសនោះ លោក Borisov បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់សាកល្បងមីស៊ីល Avangard បានបង្ហាញយ៉ាងច្បាស់ថា មីស៊ីលមួយនេះមានសមត្ថភាពហោះហើរលឿនជាងសំឡេង ២៧ដង... ហើយដែលល្បឿននេះមិនអាចឱ្យប្រព័ន្ធមីស៊ីលដទៃស្ទាក់ចាប់វាបានឡើយ»។
គួរបញ្ជាក់ថា មីស៊ីលនុយក្លេអ៊ែរអន្តរទ្វីប Avangard ត្រូវបានបាញ់សាកល្បងដោយជោគជ័យ កាលពីថ្ងៃពុធ ចេញពីតំបន់ អូរ៉េនប៊ហ្គ (Orenbourg) ស្ថិតនៅចំងាយ ១.២០០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងម៉ូស្គូ ដោយវារត់បានក្នុងចំងាយជិត ៦,០០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅនៅក្នុងតំបន់ឧបទ្វីប ខាមឆាតកា (Kamtchatka) ស្ថិតនៅភាគខាងកើតប្រទេស៕