(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីក្នុងខេត្ត អាសេ (Aceh) បានដុតបំផ្លាញកញ្ឆាដែលគិតជាទម្ងន់ជាង ៨០០គីឡូក្រាម នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរថៃ បានចេញការអនុញ្ញាតឱ្យផ្នែកសុខាភិបាល អាចប្រើប្រាស់ដំណាំកញ្ឆាក្នុងវិស័យវេជ្ជសាស្ត្រ និងស្រាវជ្រាវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
បន្ថែមពីប្រតិបត្តិការដុតបំផ្លាញកញ្ឆាខាងលើ អាជ្ញាធរខេត្ត Aceh ក៏បានបំផ្លាញចោលថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (methamphetamine)ចំនួន ១៩គីឡូក្រាម ដែលត្រូវបានរឹបអូសនៅក្នុងឆ្នាំ២០១៨ នេះផងដែរ។ លើសពីនេះទៀត ជនសង្ស័យជួញដូរ គ្រឿងញៀនចំនួន ០៥នាក់ ត្រូវបានបង្គាប់ឱ្យដើរជុំវិញពិធីដុតផ្លាញនេះ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមធំជាងគេបំផុតលើលោក ដែលមានការអនុវត្តច្បាប់គ្រឿងញៀនយ៉ាងតឹងរ៉ឹងបំផុត។ ជាក់ស្ដែងនៅក្នុងខែធ្នូនេះ ជនបរទេស ០៥នាក់ ត្រូវបានឃាត់ខ្លួននៅលើកោះទេសចរណ៍បាលី ពីបទជួញដូរគ្រឿងញៀន ហើយពួកគេអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត បើសិនជាតុលាការរកឃើញទោសកំហុស ដូចការចោទប្រកាន់មែននោះ៕