(បង់ក្លាដែស)៖ រដ្ឋាភិបាលបង់ក្លាដែសបានបញ្ជាឱ្យអាជ្ញាធររបស់ខ្លួន បិទសេវាអ៊ីនធើណែតទូរស័ព្ទចល័តល្បឿនលឿនជាបណ្ដោះអាសន្ន នៅមុនការបោះឆ្នោតជាតិចុងសប្ដាហ៍នេះ ប៉ុន្តែពុំមានការបញ្ជាក់ពីមូលហេតុច្បាស់នោះឡើយ។ នេះបើតាមការផ្សាយរបស់វែបសាយ Daily Star ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានដដែក ការធ្វើសេចក្ដីរាយការណ៍ខាងលើនេះ គឺផ្អែកតាមសារអេឡិចត្រូនិកមួយ ផ្ញើជូនប្រតិបត្តិករទូរស័ព្ទដៃចល័តដោយអាជ្ញាធទូរគមនាគមន៍បង់ក្លាដែស។ សារព័ត៌មានបានឱ្យដឹងទៀតថា ប្រជាជនបង់ក្លាដែសដែលកំពុងប្រើប្រាស់អីនធើណែតនៅលើទូរស័ព្ទរបស់ខ្លួន មិនអាចបង្ហោះរូបភាព ឬវីដេអូបានឡើយ ក្រោយអាជ្ញាធរចេញបទបញ្ជានេះកាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា អាជ្ញាធរទូរគមនាគមន៍បង់ក្លាដែសមិនបានបញ្ជាក់ថា នៅពេលណាទើបអនុញ្ញាតឱ្យប្រើប្រាស់សេវាអ៊ីនធីណែត ទូរស័ព្ទចល័តល្បឿនលឿនវិញ ឬក៏មូលហេតុជាក់លាក់នោះទេ ប៉ុន្តែការធ្វើបែបនេះ គឺទំនងជាចង់រក្សានូវការប្រកួតប្រជែងស្មើភាព និងសណ្តាប់ធ្នាប់ក្នុងបណ្តាញទូរគមនាគមន៍ នៅពេលកាន់តែកៀកថ្ងៃបោះឆ្នោតមែនទែន។ យ៉ាងណាក៏ដោយអ្នកសារព័ត៌មាន Reuters ដែលកំពុងមានវត្តមាននៅបង់ក្លាដែសផ្ទាល់បានអះអាងថា ពួកគេនៅតែអាចប្រើប្រព័ន្ធ 4G នៅលើទូរស័ព្ទដៃរបស់ខ្លូនដដែល រហូតមកទល់ព្រឹកថ្ងៃសុក្រនេះ៕