(ប៉ារីស)៖ ក្រសួងមហាផ្ទៃបារាំងត្រូវគេរាយការណ៍ថា កំពុងរៀងចំទិញអាវុធពិសេសមួយដែលមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតចំនួន ១,២៨០ដើមបន្ថែមទៀត ខណៈក្រុមសកម្មជនសិទ្ធិមនុស្សព្រួយបារម្ភថា ការប្រើប្រាស់កាំភ្លើងបែបនេះដើម្បីបង្រ្កាបការធ្វើបាតុកម្មទ្រង់ទ្រាយធំ អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មានបារាំង Liberation បានរាយការណ៍ថា ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានព្រមានជាយូរមកហើយជុំវិញគ្រោះថ្នាក់ នៃការប្រើកាំភ្លើងប្រភេទបាញ់គ្រាប់បាល់កៅស៊ូដោយកងកម្លាំងរក្សាសន្តិសុខ នៅអំឡុងការធ្វើសកម្មភាពតវ៉ាទ្រង់ទ្រាយធំ ប៉ុន្តែក្រសួងមហាផ្ទៃបារាំង នៅតែបន្តស្តុកទុកនូវប្រភេទអាវុធទាំងនេះក្នុងចំនួនជាច្រើន។ សារព័ត៌មានដដែលបានប៉ាន់ប្រមាណថា រដ្ឋាភិបាលបារាំងអាចចំណាយរហូតដល់២.២លានដុល្លារ សម្រាប់ការទិញបន្ថែមនូវប្រភេទកាំភ្លើងទាំងនេះ។
គួរជម្រាបថា ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក ប្រទេសបារាំងបានប្រឈមនឹងការធ្វើបាតុកម្មយ៉ាងកក្រើក ប្រឆាំងនឹងរដ្ឋាភិបាលបារាំង។ សកម្មភាពតវ៉ាទ្រង់ទ្រាយទាំងនេះ ត្រូវបានធ្វើឡើងដោយចលនាអាវកាក់ពណ៌លឿង នៅរៀងរាល់ថ្ងៃសៅរ៍ ប៉ុន្តែចំនួនបាតុករហាក់បានថយចុះគួរឲ្យកត់សម្គាល់ កាលពីសប្តាហ៍មុនធៀបនឹងសប្តាហ៍ដំបូងៗ ចាប់តាំងពីមានការធ្វើសម្បទានពីប្រធានាធិបតីបារាំងលោក ម៉ាក្រុង៕