(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានសម្តែងការតវ៉ាជាខ្លាំងចំពោះសហរដ្ឋអាមេរិក ជុំវិញការចុះហត្ថលេខាលើច្បាប់មួយ ស្តីពីការផ្តល់ទំនុកចិត្តឲ្យអាស៊ី (Asia Reassurance Initiative Act)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។
នាដើមសប្តាហ៍ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាឲ្យច្បាប់ខាងលើចូលជាធរមានពេញលេញ ដែលជំរុញឲ្យអាមេរិកបង្កើនសកម្មភាពចូលរួមពាក់ព័ន្ធ នៅក្នុងកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាពង្រឹងការគាំទ្រដល់តំបន់នេះ ដោយរួមមានទាំងការលក់សព្វាវុធ ដល់បណ្តាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងនោះក៏មានកោះតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានលើកឡើងថា ច្បាប់ផ្តល់ទំនុកចិត្តឲ្យអាស៊ីនេះ បំពានលើគោលនយោបាយចិនតែមួយ និងប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងរបស់ចិន។ បើតាមលោក Lu ទីក្រុងប៉េកាំងទទូចឲ្យអាមេរិកបញ្ឈប់ការអនុវត្តច្បាប់នេះ ហើយដោះស្រាយបញ្ហាតៃវ៉ាន់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ព្រមទាំងសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
គួរជម្រាបថា ក្នុងថ្ងៃជាមួយគ្នានេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានកត់សង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស់ចិន ហើយមិនអនុញ្ញាតឲ្យមានការលូកលាន់ពីខាងក្រៅដាច់ខាត។ បន្ថែមពីនេះប្រធានាធិបតីចិនក៏បានអំពាវនាវឲ្យកោះតៃវ៉ាន់ មករួបរួមជាមួយទីក្រុងប៉េកាំង ដើម្បីទទួលបានការធានាសន្តិភាពយូរអង្វែង ខណៈចិនក៏បានព្រមានផងដែរថា ការប្រើប្រាស់កម្លាំងបាយនៅតែអាចកើតមាន ក្នុងករណីមានបរទេសណាមួយចង់បំបែកកោះតៃវ៉ាន់ពីចិនដីគោកនោះ៕