(វ៉ាស៊ីនតោន)៖ អតីតបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងជាអនាគតសមាជិកព្រឹទ្ធសភា ក្នុងរដ្ឋ Utah លោក Mitt Romney បានរិះគន់លោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃដោយចាត់ទុកសម្ដី និងសកម្មភាពរបស់ប្រធានាធិបតីអាមេរិក រូបនេះថាបានបង្កភាពភ័យខ្លាចពាសពេញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
លោក Mitt Romney ថ្លែងបែបនេះប្រាប់សារព័ត៌មាន Washington Post កាលពីល្ងាចថ្ងៃអង្គារ។ លោក Romney បានលើកឡើង នាឱកាសនោះដូច្នេះថា៖«ពិភពលោកកំពុងសម្លឹងមើលមកលើរូបគាត់ (លោក ត្រាំ)...ពីព្រោះពាក្យសម្ដី និងសកម្មភាពរបសគាត់បានបង្កភាពភ័យខ្លាចពាសពេញពិភពលោក។ មិនតែប៉ុណ្ណោះ ប្រជាប្រិយភាពជាប្រធានាធិបតីរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់កាលពីខែធ្នូ ជាពិសេសគឺដោយសារតែការតែងតាំងមន្ត្រីជាន់ខ្ពស់គ្មានបទពិសោធន៍ដូចជាលោក Patrick M. Shanahan ឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទីជំនួសលោក James Mattis ព្រមទាំងការបាក់បែកនៅក្នុងចំណោមអ្នកនយោបាយអាមេរិកដែលលោកបានបង្កឡើង»។
គួរបញ្ជាក់ថា លោក Mitt Romney នឹងស្បថឡើងកាន់តំណែងជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Utah នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)៕