(ម៉ូស្គូ)៖ កូរ៉េខាងជើង កំពុងផ្លាស់ប្ដូរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បន្ទាប់ពីបានធ្វើផលិតបានដោយជោគជ័យនូវអាវុធនុយក្លេអ៊ែរ ដែលអាចកំញើញសហរដ្ឋអាមេរិក និងស្វាគមន៍អាមេរិកមកចូលតុចរចាជាលើកទី ២ ដើម្បីបន្តដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ។ នេះបើតាមសម្តីអ្នកជំនាញមួយរូបគឺលោកស្រី លី ហ៊ីយុន (Hyun Lee) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
លោកស្រី Hyun Lee ដែលជាសមាជិកគណៈកម្មាធិការសាមគ្គីភាព ដើម្បីប្រជាធិបតេយ្យ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik និងផ្អែកលើសុន្ទរកថានៅថ្ងៃចូលឆ្នាំសកល២០១៩ របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ លោកស្រី Lee បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សាររបស់លោក គីម បានបង្ហាញយ៉ាងច្បាស់ថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការស្ដារទំនាក់ទំនងជាមួយកូរ៉េខាងត្បូង គឺជាអាទិភាពមួយសម្រាប់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៩នេះ»។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាឆ្នាំសកលកាលពីថ្ងៃអង្គារ លោក គីម ជុងអ៊ុន បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ ជាលើកទី ២ ហើយមេដឹកនាំអាមេរិករូបនេះក៏បានអះអាងត្រឡប់ទៅវិញដែរថា លោកក៏ចង់ជួបមេដឹកនាំកូរ៉េខាងជើង ក្នុងពេលឆាប់ៗផងដែរ ក្រោយទទួលបានលិខិតពីលោក គីម។ ប៉ុន្តែមុននឹងជំនួបនេះកើតឡើង សាររបស់លោក គីម ក៏បានបញ្ជាក់ជាមុនដែរថា បើសហរដ្ឋអាមេរិករក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច នោះកូរ៉េខាងជើងនឹងរក្សាកម្មវិធីអាវុធនុយក្លេអ៊ែរដូចគ្នា៕