(វ៉ាស៊ីនតោន)៖ ការបន្ទោបង់ និងគំនរសំរាមយ៉ាងច្រើនហូរហៀរកំពុងក្លាយជាបញ្ហាកាន់តែធំឡើងៗ នៅតាមឧទ្យានជាតិល្បីៗក្នុងសហរដ្ឋអាមេរិក ខណៈដែលការបិទទ្វារនៃរដ្ឋាភិបាលអាមេរិកបានទុកឲ្យតំបន់ទាំងនោះ បើកទទួលភ្ញៀវឲ្យចូលទស្សនាប៉ុន្តែមានបុគ្គលិកតិចតួចសម្រាប់ការមើលការខុសត្រូវផ្សេងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Stuff នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
ការបិទទ្វារមិនទាំងស្រុងនៃរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិក ដែលឥឡូវបានអូសបន្លាយជាង ១០ថ្ងៃហើយនោះ បានធ្វើឲ្យអវត្តមានបុគ្គលិករដ្ឋាភិបាលរាប់សែននាក់។ ប្រការនេះបានធ្វើឲ្យឧទ្យានជាតិជាច្រើន ពុំមានបុគ្គលិកមើលការខុសត្រូវបានគ្រប់គ្រាន់ ហើយខុសពីការបិទទ្វារក្នុងរដ្ឋបាលមុនៗមួយចំនួន រដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែបើកឲ្យឧទ្យានជាតិទាំងនោះទទួលភ្ញៀវចូលទស្សនា ទោះបីបុគ្គលិកមួយចំនួនអវត្តមានក្តី។
ដោយសារតែហេតុនេះ សំរាមកាន់តែគរច្រើនទៅៗការបន្ទោបង់កាន់តែមានការកកស្ទះខ្លាំង និងការមិនគោរពវិន័យនៅតាមឧទ្យានជាតិកាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះ អាជ្ញាធរនៃឧទ្យានជាតិអាមេរិកល្បីៗ បានសម្រេចប្រកាសបិទទីតាំងមួយចំនួន នៅក្នុងបរិវេណឧទ្យាន ដែលមានការត្រួតពិនិត្យតិចតួច និងមានភ្ញៀវក៏ដូចជាសម្រាមច្រើនលើសលប់ពេក។
គួរបញ្ជាក់ថា ពុំទាន់មានសញ្ញាច្បាស់លាស់ណាមួយថា រដ្ឋាភិបាលអាមេរិកនឹងដំណើរការឡើងវិញនៅពេលណានោះឡើយ ខណៈលោក ដូណាល់ ត្រាំ នៅតែរក្សាជំហរចង់ឲ្យសមាជិកសភាទាំងអស់ជាពិសេសបក្សប្រជាធិបតេយ្យ គាំទ្រចំពោះកញ្ចប់ទឹកប្រាក់ ៥ពាន់លានដុល្លារ ដើម្បីកសាងជញ្ជាំងព្រំដែនរួមជាមួយប្រទេសម៉ិចស៊ីកូ៕