(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបន្ថយក្តីរំពឹងនៃប្រាក់ចំណូលកើនឡើងរបស់ខ្លួន សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ដោយសារតែបានមើលឃើញពីបញ្ហាប្រឈមមួយចំនួន នៅក្នុងប្រទេសចិនដែលជាទីផ្សារធំបំផុតលើលោក ព្រមទាំងនៅតាមទីផ្សារផ្សេងទៀតដែលកំពុងផុសឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
ការព្រមានពីប្រាក់បញ្ហាចំណូលដ៏កម្រមានបែបនេះពីក្រុមហ៊ុន Apple បានឲ្យតំរុយថា អត្រានៃការលក់ទូរស័ព្ទដ៏ល្បីនៅលើពិភពលោក iPhone ព្រមទាំងគ្រឿងអេឡិចត្រូនិកដទៃទៀត បានធ្លាក់ចុះខ្សោយខ្លាំងជាងការរំពឹងទុក ដែលមួយចំណែកដោយសារតែទំនាស់ផ្នែកពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
នាយកប្រតិបត្តិរបស់ Apple លោក Tim Cook បានលើកឡើងថា «ខណៈយើងបានត្រៀមខ្លួនជាមុនសម្រាប់បញ្ហាប្រឈម នៅក្នុងទីផ្សារកំពុងលេចឡើងសំខាន់ៗ យើងមិនបានមើលឃើញមុននូវទំហំផលប៉ះពាល់ នៃការអន់ថយល្បឿនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនឡើយ។ យើងជឿជាក់ថា សេដ្ឋកិច្ចចិនបានរងផលប៉ះពាល់ខ្លាំង ដោយសារការកើនឡើងនៃភាពតានតឹង ក្នុងវិស័យពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក»។
គួរជម្រាបថា ក្រុមហ៊ុន Apple ត្រូវគេមើលឃើញថា គឺជាមុខសញ្ញានៃការទម្លាក់កំហុស និងខឹងសម្បារ ជុំវិញការចាប់ខ្លួននាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei និងជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតលើលោក និងនៅប្រទេសចិននេះ នៅឯប្រទេសកាណាដា តាមសំណើរបស់សហរដ្ឋអាមេរិក ដោយយោងលើការចោទប្រកាន់ថា បានបំពានទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់លើប្រទេសអ៊ីរ៉ង់។
ដោយសារតែរឿងនេះប្រជាជន និងក្រុមហ៊ុនចិនក៏បាននាំគ្នាប្រឆាំងនឹងក្រុមហ៊ុន Apple ដោយក្រុមហ៊ុនខ្លះបានលើកទឹកចិត្តឲ្យបុគ្គលិកខ្លួន ប្រើប្រាស់ស្មាតហ្វូនរបស់ Huawei និងខ្លះទៀតព្រមានមិនឲ្យបុគ្គលិកប្រើផលិតផល Apple។ ជាមួយគ្នានេះក្រុមហ៊ុន Apple ក៏ទំនងជាមិនបានគោរពតាមសេចក្តីបង្គាប់របស់តុលាការចិន ដែលបានហាមការលក់ iPhone ម៉ូដែលចាស់ៗនៅប្រទេសចិន ក្នុងសំណុំរឿងពាក់ព័ន្ធជាមួយក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ផងដែរ ដែលប្រការនេះអាចនឹងជួយជំរុញការមិនប្រើប្រាស់ផលិតផល Apple កាន់តែខ្លាំងថែមទៀត៕