(ប៉េកាំង)៖ ទីភ្នាក់ងារអវកាសជាតិចិនបានបញ្ជាយានអវកាស ឆាងអឺ-៤ (Change' 4) ទៅធ្វើការចុះចតដោយជោគជ័យនៅលើផ្ទៃមួយចំហៀងទៀត (Dark side ឬ Far side) នៃព្រះច័ន្ទ ដែលពុំធ្លាប់មានយាន ឬមនុស្សបានចុះទៅស្រាវជ្រាវនោះឡើយ នៅវេលាម៉ោង ១០៖២៦នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ដែលវាត្រូវបានចាត់ទុកជាជោគជ័យធំមួយ នៃវិស័យអវកាសចិន សម្រាប់ការបើកទំព័រឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
យានអវកាស Chang'e-4 ដែលរួមមាននូវយាន Lander មួយគ្រឿង (នៅមួយកន្លែង) និងយាន Rover មួយគ្រឿង (មានកង់អាចចល័តបាន ចេញពីយាន Lander) នាពេលនេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវពីសមាសធាតុរ៉ែ និងសណ្ឋានផ្ទៃដីនៃឋានព្រះច័ន្ទនៅតំបន់ដែលពុំធ្លាប់មានការរុករកពីមុនមកឡើយរបស់ព្រះច័ន្ទ ហើយវានឹងជាជំហានគន្លឹះយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅរកការបកស្រាយអាថ៌កំបាំងនៃតំបន់នេះ។
គួរជម្រាបថា យាន Chang'e-4 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីជិត ១ខែមុន គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។ វាបានទៅដល់គន្លងគោចរជុំវិញព្រះច័ន្ទ កាលពីអំឡុងជាង១សប្តាហ៍មុន និងត្រៀមធ្វើការចុះចតបានដោយជោគជ័យដូចពេលនេះ។ ប្រទេសចិនមានមហិច្ឆតាធ្វើការស្រាវជ្រាវទ្រង់ទ្រាយធំលើព្រះច័ន្ទ និងបង្កើតស្ថានីយផ្ទាល់ខ្លួននៅលើនោះផងដែរ ខណៈសហរដ្ឋអាមេរិក ក៏កំពុងបោះជំហានធំក្នុងស្រាវជ្រាវបន្ថែមនៅឋានព្រះច័ន្ទដូចគ្នា ដើម្បីធ្វើជាឈ្នាន់បោះពួយទៅភពអង្គារ៕