(វ៉ាស៊ីនតោន)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែប្រកាន់យកការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពចេញពីស៊ីរី ជាប្រទេសដែលលោកថា គ្មានអ្វីសោះក្រៅពីដីខ្សាច់ និងសេចក្តីស្លាប់ (សាកសព)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនចង់និយាយអំពីរឿងធនធានដ៏ច្រើនអ្វីនោះទេ។ យើងកំពុងតែនិយាយអំពីវាលខ្សាច់ និងសេចក្តីស្លាប់។ ខ្ញុំកំពុងចាកចេញហើយ... យើងកំពុងត្រៀមចាកចេញពីប្រទេសស៊ីរី... មើលទៅ! យើងមិនចង់បានស៊ីរីនោះទេ...»។
កាលពីថ្ងៃទី១៩ ខែធ្នូ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងដកទ័ពអាមេរិកចេញពីស៊ីរី ក្នុងអំឡុងប៉ុន្មានខែខាងមុខដោយ លោក ត្រាំ បានលើកហេតុផលការពារការសម្រេចចិត្តនេះថា កងកម្លាំងយោធាអាមេរិកបានសម្រេចជោគជ័យ ក្នុងការកម្ចាត់ក្រុមភេរវករ ISIS នៅស៊ីរី និងអាចត្រឡប់មកផ្ទះវិញបានហើយ។
ទន្ទឹមនឹងនេះលោក ត្រាំ ក៏បានទាត់ចោលសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត New York Times ដែលថា រូបលោកបានទុកពេល ០៤ខែឲ្យក្រសួងការពារជាតិរៀបចំការដកទ័ពចេញពីស៊ីរីផងដែរ។ លោក ត្រាំ បានបញ្ជាក់ថា ការដកកងទ័ពអាមេរិកចេញពីស៊ីរី នឹងប្រព្រឹត្តទៅតាមពេលវេលាជាក់ស្តែង ប៉ុន្តែមិនមែន ០៤ខែ ដូចការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាននោះទេ៕