(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តៃយីព អឺដូហ្គាន់ បាននិយាយថា មានតែតួកគីប៉ុណ្ណោះដែលសាកសម និងមានសមត្ថភាពការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅស៊ីរី នៅពេលដែលទីក្រុងវ៉ាស៊ីនតោនដកទ័ពចេញទៅផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnk នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ បានកត់សម្គាល់ថា លោក ដូណាល់ ត្រាំ បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដែលត្រៀមដកកងទ័ពអាមេរិកចេញពីប្រទេសរុស្ស៊ី ប៉ុន្តែដំណើរការនេះត្រូវរៀបចំឲ្យបានហ្មត់ចត់ ហើយប្រព្រឹត្តទៅដោយមានសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូដែលសាកសម ដើម្បីការពារផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជារបស់សហគមន៍អន្តរជាតិ និងប្រជាជនស៊ីរីផ្ទាល់។
បើតាមលោកប្រធានាធិបតីតួកគី គឺមានតែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមួយគត់ ដែលមានអំណាច និងការតាំងចិត្តដើម្បីធ្វើយ៉ាងដូច្នោះបាន។ លោក អឺដូហ្គាន់ បានបញ្ជាក់ថា ប្រតិបត្តិការយោធារបស់អង់ការ៉ាប្រឆាំងក្រុមភេរវករ ISIS បានជួយការពារតំបន់អឺរ៉ុបពីការវាយប្រហារភេរវកម្ម។
មេដឹកនាំតួកគីរូបនេះបានបន្តទៀតថា មិនដូចប្រតិបត្តិការក្រុមយោធាអន្តរជាតិក្នុងក្រុងរ៉ាក់ខាប្រទេសស៊ីរី និងក្នុងក្រុងម៉ូស៊ូលនៅអ៊ីរ៉ាក់ ដែលអាស្រ័យខ្លាំងទៅលើការទម្លាក់គ្រាប់បែក ដែលធ្វើឡើងដោយមានការគិតគូរតិចតួច និងពេលខ្លះពុំខ្វល់ទាល់សោះចំពោះអាយុជីវិតជនស៊ីវិលស្លូតត្រង់ឡើយ ដោយវិធីសាស្រ្តរបស់យោធាតួកគីនៅក្រុង អាល់បាប់ (Al Bab) របស់ស៊ីរី បានធានារក្សាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារនៅមានសភាពល្អភាគច្រើន ដែលអាចឲ្យជនភៀសខ្លួនត្រឡប់មករស់នៅតាមធម្មតាវិញបាន ដោយប្រើប្រាស់រយៈពេលខ្លីប៉ុណ្ណោះ។
គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ លោក ត្រាំ បានប្រកាសថា នឹងដកកងទ័ពអាមេរិកចេញពីទឹកដីស៊ីរី ដោយលើកហេតុផលថា ក្រុម ISIS ត្រូវបានកម្ចាត់ ហើយថ្ងៃអាទិត្យកន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក នៅតែបង្ហាញជំហរដដែលថា ប្រទេសលោកនឹងដកទ័ពចេញពីស៊ីរី ប៉ុន្តែវានឹងត្រូវចំណាយពេលរាប់ខែ៕