(សាន់ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា លោកមានគម្រោងរៀបចំកិច្ចពិភាក្សាសាធារណៈមួយពាក់ព័ន្ធនឹងអនាគតបច្ចេកវិទ្យានៅក្នុងសង្គមអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
លោក Mark Zuckerberg បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ លោកនឹងរៀបចំកិច្ចពិភាក្សាសាធារណៈជាបន្តបន្ទាប់ទាក់ទិននឹងអនាគតបច្ចេកវិទ្យា ឱកាស និងការប្រកួតប្រជែងនៅក្នុងវិស័យនេះជាដើម។ បន្ថែមពីលើនេះលោកក៏បានសន្យាដែរថា នឹងរៀបចំកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំនានា ក្រុមអ្នកជំនាញ និងមជ្ឈដ្ឋានជាច្រើនមកពីវិស័យខុសៗគ្នាជាទៀតទាត់ ដើម្បីពិភាក្សាគ្នាលើបញ្ហាប្រឈមនានា។
គួរបញ្ជាក់ថា បើតាមលោក Zuckerberg កាលពីឆ្នាំ២០១៨ លោកបានចំណាយពេលពេញមួយឆ្នាំ ក្នុងការដោះស្រាយបញ្ហាធំៗជាច្រើនរបស់ Facebook ក្នុងនោះរួមមានការចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះបរាជ័យក្នុងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ក៏ដូចជាទប់ស្កាត់ការរើសអើង ការប្រកាន់ពូជសាសន៍ និងការ Hack នៅលើ Facebook ជាដើម៕