(ប៉េកាំង)៖ យោធាចិនបានចល័តប្រព័ន្ធមីស៊ីលប្រឆាំងនាវាស៊េរីថ្មីរបស់ខ្លួន DF-26 ទៅកាន់ចុងភាគឦសាននៃផ្ទៃប្រទេស ដែលទំនងជាការឆ្លើយតបចំពោះ ការបញ្ជូននាវាពិឃាតរបស់សហរដ្ឋអាមេរិក ចូលមកកាន់សមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Global Times ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាមិញ វាមិនច្បាស់នោះទេថា តើប្រព័ន្ធមីស៊ីលខាងលើត្រូវបានចល័តនាពេលណា ហើយការចល័តប្រព័ន្ធមីស៊ីលទាំងនេះ គឺជាការដាក់ពង្រាយជាអចិន្ត្រៃយ៍ ឬក៏ធ្វើឡើងក្នុងអំឡុងសមយុទ្ធយោធា។ ប៉ុន្តែយោងតាមការគូសបញ្ជាក់របស់ Global Times ប្រព័ន្ធមីស៊ីលនេះ មានរយៈចម្ងាយវាយប្រហារឆ្ងាយគ្រប់គ្រាន់រហូតដល់សមុទ្រចិនខាងត្បូង។
គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងនាវាជើងទឹកអាមេរិក បានធ្វើបេសកកម្មសេរីភាពនាវាចរណ៍ថ្មីមួយទៀតនៅសមុទ្រចិនខាងត្បូង តាមរយៈការបញ្ជូននាវាពិឃាត USS McCampbell មកក្បែរប្រជុំកោះ Paracel ដែលស្ថិតក្រោមការទាមទារចំណែករវាងចិន វៀតណាម និងតៃវ៉ាន់៕