(ឡុងដ៍)៖ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអង់គ្លេស Standard Chartered បានព្យាករណ៍ថា នៅឆ្នាំ២០៣០ សហរដ្ឋអាមេរិកនឹងធ្លាក់មកនៅលេខរៀងទី៣ នៃប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ខណៈចិននឹងឡើងទៅឈរនៅលេខទី១ តាមពីក្រោយដោយឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
បន្ថែមពីលើនេះ ក្រុមហ៊ុន Standard Chartered បានវាយតម្លៃទៀតថា ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៤ នៅលើពិភពលោក។ ប៉ុន្តែគួរឱ្យកត់សម្គាល់គឺមហាយក្សសេដ្ឋកិច្ចជប៉ុន ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ នឹងធ្លាក់ទៅដល់ទី ៩ ឯណោះ ហើយអាល្លឺម៉ង់ជាប់លេខ ១០។
គួរបញ្ជាក់ថា ក្រៅតែពីក្រុមហ៊ុន Standard Chartered ស្ថានីយទូរទស្សន៍ Fox Business ក៏បានព្យាករណ៍ផងដែរថា ចិននឹងឡើងទៅឈរលេខរៀងទី ១ ឥណ្ឌាលេខ ២ និងសហរដ្ឋអាមេរិកធ្លាក់មកនៅលេខ ៣ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ២០៣០។
ការវាយតម្លៃ និងព្យាករណ៍គឺយោងទៅលើកំណើនសេដ្ឋកិច្ច ប្រជាជន និងការបង្កើតគោលនយោបាយសេដ្ឋកិច្ចនៃប្រទេសនានាទាំងនោះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរៀងៗខ្លួន ហើយបើពួកគេអាចធ្វើបាន នោះទំហំសេដ្ឋកិច្ចប្រទេសនោះក៏នឹងហក់ឡើងផងដែរ។ ខាងក្រោមនេះជាលេខរៀង នៃបណ្តាប្រទេសមហាយក្សសេដ្ឋកិច្ចទាំង ១០ នៅឆ្នាំ២០៣០ ដែលក្រុមហ៊ុនអង់គ្លេសខាងលើនេះបានព្យាករណ៍៖
១៖ ចិន
២៖ ឥណ្ឌា
៣៖ សហរដ្ឋអាមេរិក
៤៖ ឥណ្ឌូណេស៊ី
៥៖ តួកគី
៦៖ ប្រេស៊ីល
៧៖ អេហ្ស៊ីប
៨៖ រុស្ស៊ី
៩៖ ជប៉ុន
១០៖ អាល្លឺម៉ង់