(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ទីបំផុតបានចាប់ផ្តើមអាណត្តិកាន់អំណាចថ្មី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះហើយ ចំពោះមុខវិបត្តិសេដ្ឋកិច្ច និងភាពឯកោកាន់តែខ្លាំង ខណៈដែលបណ្តាមេដឹកនាំភាគច្រើនដែលស្ថិតក្នុងតំបន់ជាមួយគ្នា បានប្រកាសមិនទទួលស្គាល់ភាពស្របច្បាប់ នៃការជាប់ឆ្នោតក្នុងអាណត្តិទីពីររបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
មេដឹកនាំសង្គមនិយមវ័យ ៥៦ឆ្នាំ រូបនេះបានស្បថបន្តចូលកាន់តំណែងក្នុងអាណត្តិថ្មី នៅចំពោះមុខប្រធានតុលាការកំពូល នៃប្រទេសវេណេស៊ុយអេឡាបន្ទាប់ពីទទួលជ័យជម្នះកាលពីខែឧសភា ឆ្នាំ២០១៨ នៅក្នុងការបោះឆ្នោតដែលបានទទួលរងការរិះគន់ពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការនៃបណ្តាប្រទេសក្នុងទ្វីបអាមេរិកទាំងមូល (OAS)។
គួរជម្រាបថា លោក ម៉ាឌូរ៉ូ បានឡើងកាន់អំណាចដំបូងជាប្រធានាធិបតីវេណេស៊ុយអេឡា បន្តពីអតីតមេដឹកនាំ លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) កាលពីខែមីនា ឆ្នាំ២០១៣ ហើយសម្រាប់អាណត្តិថ្មីនេះ លោកបានប្តេជ្ញាបន្តការពារឯករាជ្យភាពក៏ដូចជាបូរណភាពទឹកដីនៃប្រទេសរបស់លោកតទៅមុខ ០៦ឆ្នាំទៀត បើទោះបីជាអាមេរិក និងសម្ព័ន្ធមិត្តនៅតែបន្តរិះគន់ថា រដ្ឋាភិបាលនេះខុសច្បាប់ និងបន្តដាក់ទណ្ឌកម្មច្រើនឡើងៗក៏ដោយ៕